ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាសមត្ថកិច្ច ចាប់អ្នក បើករថយន្តគេចខ្លួន ក្រោយបុកមួយគ្រួសារធ្វើឲ្យស្លាប់ និងរបួស នៅដូនពេញ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ ស្រាវជ្រាវស្វែងរកចាប់អ្នកបើករថយន្តបង្កគេចខ្លួន ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍បុក អ្នកជិះម៉ូតូ ១គ្រឿង បណ្តាលឲ្យមានបួសនិងស្លាប់ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ (មានប្តីប្រពន្ធ និងកូនតូច២ឆ្នាំ) ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ធ្នូ នេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាសមត្ថកិច្ចចុះពង្រីក ការងារតាមបណ្ដាអធិការដ្ឋាន នគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្ដទុកដាក់ក្នុងដឹកនាំពង្រឹងការងារ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងបង្ការទប់ស្កាត់ឱ្យមាន ប្រសិទ្ធភាពដោយម៉ឺងម៉ាត់បំផុត ដើម្បីស្វែងយល់ និងរកវិធីសាស្ត្រក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឱ្យមានការគោរពវិន័យ សីលធម៌ស្មោះត្រង់ វិជ្ជាជីវៈរបស់មន្ត្រីជំនាញ ពេលចុះអនុវត្តច្បាប់។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានកត់សម្គាល់ឃើញថាប៉ុន្មានថ្ងៃនេះ កើតឡើងករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យរបួស និងស្លាប់ បានកើតឡើងជាបន្តបន្ទាប់។ ជាពិសេសក្នុងករណី បើមានគ្រោះថ្នាក់ខាងលើនេះកើតឡើង បើមានអ្នកបង្ក ព្យាយាមរត់គេច មន្ត្រីជំនាញត្រូវស្រាវជ្រាវតាមឃាត់ចាប់ យកមកអនុវត្តន៍ច្បាប់បានតឹងរឹងបំផុត ហើយក្នុងរយៈពេលចុងក្រោយនេះ សមត្ថកិច្ចជំនាញក៏បានអនុវត្តវិធានការណ៍ តាមផ្លូវច្បាប់ចំពោះអ្នកបើកបរ រថយន្តបង្កឲ្យមានមនុស្សស្លាប់ ហើយរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវ ចាប់ឃាត់ខ្លួនយកមកអនុវត្តច្បាប់ ជាបន្តបន្ទាប់រួចមកហើយ។

លោកឧត្តមសេនីយ៍បញ្ជាក់ថា “ជាពិសេសករណីគ្រោះថ្នាក់ចរាចរណ៍ នៅយប់អធ្រាត្រថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ បង្កដោយរថយន្ត១គ្រឿងបុក អ្នកជិះម៉ូតូ ៣នាក់ប្តីប្រពន្ធកូនបណ្តាលឲ្យស្លាប់ និងរងរបួស រថយន្តបើករត់គេច”។

ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានបញ្ជាសមត្ថកិច្ចចម្រុះត្រូវ ស្រាវជ្រាវឲ្យបានម៉ឺងម៉ាត់ស្វែងរក ចាប់ឃាត់ខ្លួនអ្នកបើកបររថយន្ត បង្កគេចខ្លួនយកមកអនុវត្តច្បាប់។

ជាមួយគ្នានេះឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អំពាវនាវ ពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងខូចខាត មធ្យោបាយ សម្ភារៈ របួស និងបាត់បង់អាយុជីវិតមនុស្ស៕

To Top