ភ្នំពេញ ៖ លោក ម៉េង ហុង អគ្គនាយកបេឡាជាតិ សន្ដិសុខសង្គមស្ដីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យសហជីព អង្គការដៃគូ និងភាគីពាក់ព័ន្ធដែលស្និទ្ធ នឹងកម្មករនិយោជិត ក៏ដូចជាពលរដ្ឋ ចូលរួមជាមតិកែលំអ នូវរាល់ចំណុចខ្វះខាតរបស់ ប.ស.ស. ដើម្បីឱ្យក្រសួងអាចពង្រឹង សមត្ថភាពក្នុងការបន្ដដំណើរឈានទៅមុខ កាន់តែល្អប្រសើរ ក្នុងការបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ។

លោកលើកឡើងបែបនេះ ក្នុងពិធីផ្សព្វផ្សាយ ស្ដីពីការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យ និយោជន៍ និងអ្នកក្នុងបន្ទុក សមាជិក ប.ស.ស. ជូនដល់សម្ព័ន្ធសហជីពជាតិ សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា និងអង្គការកម្មវិធីអភិវឌ្ឍន៍ ធនធានយុវជននៅថ្ងៃទី២៤ ខែធ្នូ ២០២៣នេះ ។

លោកបន្ថែមថា ៖ “ក្នុងនាម ប.ស.ស ជាសេនាធិការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការ ជាមួយភាគីសហជីព ក៏ដូចជាអង្គការសមាគមនានា ដើម្បីស្វែងរកដំណោះស្រាយ និងធ្វើសកម្មភាពរួមគ្នា ឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់ជាប្រយោជន៍ជូនដល់កម្មករនិយោជិត និងប្រជាពលរដ្ឋ” ។

បន្ថែមពីនេះ លោកអគ្គនាយកស្តីទី បានរំលេចពីភាពសំខាន់ របស់សហជីព អង្គការ និងសមាគមពាក់ព័ន្ធនានា ដែលនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងសកម្មភាពផ្សព្វផ្សាយអំពីសិទ្ធិ និងផលប្រយោជន៍ របស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ក្នុងការទទួលបានការគាំពារ និងការយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍ របបសន្តិសុខសង្គម ៕








