ព័ត៌មានជាតិ

សម្ដេចធិបតី ៖ ទិន្នន័យជំរឿនសេដ្ឋកិច្ច គឺជាផែនទីមួយ ដើម្បីឲ្យដឹងពីស្ថានភាពភូមិសាស្ដ្រ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ទិន្នន័យជំរឿនសេដ្ឋកិច្ច គឺជាផែនទីមួយ ដើម្បីឲ្យដឹងអំពីស្ថានភាពភូមិសាស្ដ្រ ហើយសំដៅទៅលើភូមិសាស្ដ្រនយោបាយ និងភូមិសាស្ដ្រសេដ្ឋកិច្ចជាដើម។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពី លទ្ធផលចុងក្រោយនៃជំរឿន សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ២០២៣ សម្តេចធិបតី មានប្រសាសន៍ថា ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ គឺជាផែនទីបង្ហាញផ្លូវយ៉ាងសំខាន់ ក្នុងការវិភាគ និងប្រើប្រាស់ទិន្នន័យត្រឹមត្រូវសម្រាប់កិច្ចអភិវឌ្ឍន៍ជាតិ។

សម្ដេចធិបតី មានប្រសាសន៍ថា «ទិន្នន័យ គឺសំខាន់ វាជាផែនទី និង ត្រីវិស័យសម្រាប់យើង ផែនទីត្រង់ថាឲ្យយើងដឹង អំពីស្ថានភាពភូមិសាស្ដ្រ ហើយស្ថានភាពភូមិសាស្ដ្រ មិនសំដៅទៅលើតែភូមិសាស្ដ្រ នៅលើដីនោះទេ ភូមិសាស្ដ្រនយោបាយ, ភូមិសាស្ដ្រសេដ្ឋកិច្ច-ធូរកិច្ច ឲ្យដឹងថា តើនៅក្នុងស្ថានភាពជុំវិញយើងនេះ មានលក្ខណៈយ៉ាងណា? សូម្បីធុកិច្ច ក៏ត្រូវដឹងស្ថានភាពនៃចំណង ចំណូលចិត្តរបស់អតិថិជន»

សម្ដេចនាយករដ្ឋមន្ដ្រីបន្ដថា ការគ្រប់គ្រង់ទិន្នន័យនេះ មានសារសំខាន់ ហើយក៏មានក្រុមហ៊ុនជាច្រើននៅលើពិភពលោក បានវិនិយោគក្នុងទិន្នន័យនេះ ។ សម្ដេចបន្ថែមថា ទិន្នន័យជំរឿន សេដ្ឋកិច្ចពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ដោយជួយឲ្យអ្នកធ្វើគោល នយោបាយ អាចមើលឃើញ ធ្លុះស៊ីជម្រៅទៅក្នុងរចនាសម្ព័ន្ធ, ជីវភាព និងសមិទ្ធកម្ម នៃសេដ្ឋកិច្ចមួយផងដែរ ។

គួរបញ្ជាក់ថា ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានធ្វើឡើង គោលបំណងចងក្រងស្ថិតិមូលដ្ឋានគ្រឹះ ស្តីពីអង្គភាពសេដ្ឋកិច្ច និងបង្កើតបញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចនៅកម្ពុជា ដែលផ្តល់នូវព័ត៌មានសំខាន់ៗ ស្តីពីស្ថានភាព នៃសកម្មភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ដល់អ្នករៀបចំគោលនយោបាយ អ្នករៀបចំផែនការ អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធដទៃទៀត ៕

To Top