ព័ត៌មានជាតិ

ជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២ បង្ហាញថា មានអង្គភាពសេដ្ឋកិច្ចជាង៧សែន និងស្រូបយកកម្លាំងពលកម្ម ២,៩៨លាននាក់

ភ្នំពេញ ៖ លទ្ធផលចុងក្រោយ នៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជា ឆ្នាំ២០២២ បានបង្ហាញថា មានអង្គភាពសេដ្ឋកិច្ច សរុបទាំងអស់ចំនួន ៧៥៣ ៦៧០ កើនឡើង ៤៩% ធៀបនឹងជំរឿនសេដ្ឋកិច្ច ឆ្នាំ២០១១ ហើយស្រូបយកកម្លាំងពលកម្ម ចំនួន ២,៩៨លាននាក់ ។

នាឱកាសអញ្ជើញចូលរួមប្រកាស ផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្ដីពីលទ្ធផលចុងក្រោយ នៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ លោក ប៊ិន ត្រឈៃ រដ្ឋមន្ដ្រីក្រសួងផែនការ បានថ្លែងថា «លទ្ធផលចុងក្រោយ នៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ បានបង្ហាញថា អង្គភាពសេដ្ឋកិច្ច សរុបទាំងអស់មាន ចំនួន ៧៥៣ ៦៧០ ដែលកើនឡើង៤៩% បើធៀបនឹងជំរឿន សេដ្ឋកិច្ច ឆ្នាំ២០១១ ដែលមានចំនួន ៥០៥ ១៣៤ ។ អង្គភាពសេដ្ឋកិច្ចទាំងអស់ នៅឆ្នាំ២០២២ មាន ៥២,៥% នៅទីប្រជុំជន និង៦៩,១% ជាអង្គភាពសេដ្ឋកិច្ច ដែលមានភាពជាម្ចាស់តំណាងជាស្ត្រី អង្គភាពសេដ្ឋកិច្ចទាំងអស់ បានស្រូបយកកម្លាំង ពលកម្មសរុបចំនួន ២,៩៨លាននាក់ ក្នុងនោះស្ត្រី ចំនួន ១,៨៤លាននាក់»។

លោករដ្ឋមន្ដ្រីបន្ដថា ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ដែលគ្របដណ្តប់អង្គភាពសេដ្ឋកិច្ចតែក្នុងពីរវិស័យគឺ វិស័យឧស្សាហកម្មមាន ៧% និងវិស័យសេវាកម្ម មាន ៩៣% ។ លើសពីនេះ ចំនួនអង្គភាពសេដ្ឋកិច្ច ត្រូវបានបែងចែកតាមរាជធានី-ខេត្ត និងតាមទំហំ នៃអ្នកចូលរួមការងារក្នុងអង្គភាពសេដ្ឋកិច្ច, តាមចំណាត់ថ្នាក់ នៃវិស័យសកម្មភាពសេដ្ឋកិច្ច, និងតាមចំណូល-ចំណាយ របស់អង្គភាពសេដ្ឋកិច្ច ៕

To Top