ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍ ផ្លូវរថភ្លើងធុនស្រាល (LRT) តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប ត្រូវបានគណៈកម្មការ អន្តរក្រសួង លើកយកមកប្រជុំពិភាក្សា ជាមួយក្រុមហ៊ុន China Metro Group នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការអន្តរក្រសួង បានអញ្ជើញចូលរួមកិច្ចប្រជុំ គណៈកម្មការអន្តរក្រសួង នៃគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាល (Urban Light Rail Transit) តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប ក្រោមកិច្ចដឹកនាំរបស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការ អន្តរក្រសួង។
កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងជំរុញ ការអនុវត្តគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីអាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ដើម្បីជាការឆ្លើយតបទៅនឹងកំណើននៃភ្ញៀវទេសចរ និងសេវាកម្មដឹកជញ្ជូននានា ខណៈដែលអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនជាផ្លូវការ តាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
មួយវិញទៀត ការជជែកពិភាក្សាបានយកចិត្តទុកដាក់ លើការសិក្សាតម្រាយផ្លូវ សំដៅបញ្ចៀសកុំឲ្យមានការរំខាន ដោយប្រការណាមួយនៅតំបន់អង្គរ តំបន់ដែលជាបុរាណដ្ឋាន ឬតំបន់ដែលស្ថិត ក្នុងដែនអភិរក្សរបស់អាជ្ញាធរអប្សរា៕