ព័ត៌មានជាតិ

បណ្ឌិតសេដ្ឋកិច្ច៖ មុខជំនាញដែលក្រសួងការងារ ត្រៀមបណ្តុះបណ្តាលយុវជនក្រីក្រ ជាជំនាញត្រូវប៉ាន់ និងមានចំណាប់អារម្មណ៍ខ្ពស់ពីយុវជន

ភ្នំពេញ៖ ក្រុមអ្នកជំនាញសេដ្ឋកិច្ចកម្ពុជាមើលឃើញថា ជំនាញលើវិស័យទាំង១០ ដែលមានក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសចំនួន១,៥ លាន របស់រាជរដ្ឋាភិបាលគឺសុទ្ធសឹងតែជា ជំនាញឋិតក្នុងទីផ្សារការងារខ្ពស់ ហើយជាជំនាញដែលឋិតក្នុងចំណាប់អារម្មណ៍យុវជន ក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ ។

ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជ្រើសយកវិស័យចំនួន១០មានដូចជា វិស័យធុរកិច្ចនិងព័ត៌មានវិទ្យា មេការនិចទូទៅ/មេកានិចរថយន្ត បរិក្ខាត្រជាក់ និងកម្តៅ សំណង់ ទេសចរណ៍ សេវកម្ម កសិកម្ម និងកសិឧស្សាហកម្ម អគ្គិសនី និងថាមពល អេឡិចត្រូនិច និងកម្មន្តសាល សម្រាប់ដាក់បញ្ចូលជាមុខវិជ្ជា ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥ លាននាក់របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ។

សម្រាប់លោកបណ្ឌិត ឆេង គឹមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានលើកឡើងថា៖ «ជំនាញទាំងអស់ខាងលើនេះគឺឋិតនៅ ក្នុងចំណោមជំនាញដែលមានតម្រូវការទីផ្សារខ្ពស់ នៅប្រទេសកម្ពុជាក្នុងរយៈពេលប្រមាណជិត ២០ឆ្នាំមកនេះ ។ ជាពិសេសនាពេលបច្ចុប្បន្ននេះមានតម្រូវការខាង សំណង់ សម្ភារៈពាណិជ្ជកម្ម និងអាជីវកម្មផ្នែកព័ត៌មានវិទ្យា ផ្នែកឌីជីថល មេកានិចទូទៅ រថយន្ត បរិក្ខាម៉ាស៊ីនត្រជាក់ និងតម្រូវការក្នុងអាគារជាច្រើននាពេលបច្ចុប្បន្នក្នុងសង្គមកម្ពុជា »។

លោកបណ្ឌិតបន្ថែមថា ជំនាញនីមួយៗទាំងអស់ដែលបានដាក់ចេញ ដោយរដ្ឋាភិបាលលើការ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ សែននាក់នេះ សុទ្ធសឹងតែអាចផ្លាស់ប្តូជីវភាព របស់បងប្អូនប្រជាពលរដ្ឋបាន ពីព្រោះនៅពេលពលរដ្ឋមានជំនាញវិជ្ជាជីវៈ ច្បាស់លាស់ពួកគេអាចបើក ការរកស៊ីដោយខ្លួនឯងផ្ទាល់ ក៏ដូចជាឱកាសការងារនៅតាម បណ្តាក្រុមហ៊ុនឯកជនមួយចំនួនផងដែរ ។

លោកបណ្ឌិតលើកឡើងដែរថា យុវជន យុវនារី ដែលមិនចង់ទៅបន្តការសិក្សាផ្នែកឧត្តមសិក្សា សូមយកចិត្តទុកដាក់លើការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈដើម្បីប្រែក្លាយខ្លួនឯង ជាកម្លាំងពលកម្មស្នូលនៃសេដ្ឋកិច្ចជាតិ ដោយផ្អែកលើការលើកកម្ពស់សមត្ថិភាព ជាក់ស្តែងពោលគឺចំណេះជំនាញពិត ។ ចាប់តាំងពីរដ្ឋាភិបាលបើកឱ្យយុវជន ចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ នៅទូទាំងប្រទេសមក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទទួល សិស្សចុះឈ្មោះចូលរៀនច្រើនជាងគេ លើមុខជំនាញក្នុងវិស័យចំនួន៤ ដូចជា ធុរកិច្ចនិងព័ត៌មានវិទ្យា មេការនិចទូទៅ/មេកានិចរថយន្ត បរិក្ខាត្រជាក់ និងកម្តៅ សំណង់ ។

សម្រាប់លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃ រាជ្យបណ្ឌិត្យសភាកម្ពុជាមើលឃើញថា៖ ជំនាញទាំង៤នេះបើទោះបីគាត់ មិនចង់បម្រើការងារនៅក្រុមហ៊ុន ឬរោងចក្រឯកជន ក៏ពួកគេអាចប្រកបរបរដោយខ្លួនឯងបានដែរ ។ ក្នុងនោះបច្ចេកវិទ្យាព័ត៌មាន ទាក់ទងនិងកម្មវិធីទូរស័ព្ទ គ្រប់គ្រងអាជីវកម្ម មេកានិចគាត់អាចបើកជាជាងរថយន្ត ហើយបរិក្ខាត្រជាក់គាត់អាចធ្វើម៉ាស៊ីនត្រជាក់ និងជួសជុលឡាន អីជាដើម ។ ដូច្នេះហើយទើបយុវជនមានការចាប់អារម្មណ៍ ច្រើនលើជំនាញទាំងនេះ ។

លោកបណ្ឌិតបន្ថែមថា យុវជនដែលមានបំណងរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល គួរតែមកទំនាក់ទំនងមកកាន់វិទ្យាស្ថានផ្ទាល់ ដើម្បីជ្រើសរើសជំនាញមួយដែលល្អសម្រាប់ពួកគេ ដើម្បីឱ្យជាតម្រូវការទីផ្សារខ្ពស់នាពេលបច្ចុប្បន្ន ។ យុវជនគួរតែក្រឡេកមកចាប់អារម្មណ៍ បណ្តាជំនាញជាច្រើនទៀតដែល ក្រសួងការងារបានដាក់ចូលទៅ ក្នុងវគ្គបណ្តុះបណ្តាល១,៥ លាននាក់ ផងដែរ ។

គូរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានដាក់ឱ្យអនុវត្តន៍ នូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ ដល់យុជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៣ កន្លងទៅ ។ ក្នុងនោះដែរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់ចេញនូវវិស័យចំនួន១០ សម្រាប់ការបណ្តុះបណ្តាលនេះ ក្នុងនោះមានដូចជា វិស័យធុរកិច្ចនិងព័ត៌មានវិទ្យា មេការនិចទូទៅ/មេកានិចរថយន្ត បរិក្ខាត្រជាក់ និងកម្តៅ សំណង់ ទេសចរណ៍ សេវកម្ម កសិកម្ម និងកសិឧស្សាហកម្ម អគ្គិសនី និងថាមពល អេឡិចត្រូនិច និងកម្មន្តសាល ផងដែរ៕

To Top