កំពង់ចាម ៖ អភិបាលខេត្តំពង់ចាម លោក អ៊ុន ចាន់ដា បានដាក់គោលការណ៍ដល់ថ្នាក់ដឹកនាំស្ថាប័នអង្គភាព ធ្វេីយ៉ាងណាត្រូវបន្សុទ្ធកងកម្លាំង និងមន្ត្រីរាជការស៊ីវិល មិនមានការពាក់ព័ន្ធ ទាំងការប្រើប្រាស់ និងការជួញដូគ្រឿងញៀន ។
លោកអភិបាលខេត្ត ថ្លែងបែបនេះ ក្នុងអង្គសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ២០២៤ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ចាម ។
លោក អ៊ុន ចាន់ដា បានណែនាំបន្តថា មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវជំរុញ និងលើកកម្ពស់ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សំដៅលើកកម្ពស់ការចូលរួមរបស់មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា នៅតាមមូលដ្ឋាន ពិសេស ការជួញដូរចែកចាយប្រើប្រាស់ គ្រឿងញៀនខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហិង្សាក្នុងគ្រួសារ ក្រុមក្មេងទំនើង និងបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋាននានា ទូទាំងខេត្តផងដែរ ។
ក្នុងឱកាសនោះដែរ លោក ប្រាក់ សំអឿន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានថ្លែងថា ដើម្បីធានាអោយការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព” កាន់តែមាន ប្រសិទ្ធិភាពថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាល ទី៧ នៃរដ្ឋសភា សូមឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវវិភាជន៍ថវិកាសម្រាប់អនុវត្តគម្រោង និងសកម្មភាពដែល ពាក់ព័ន្ធនឹងគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ។ ក្រៅពីនោះត្រូវជម្រុញការរៀបចំ វេទិកាសាធារណៈឱ្យបានទៀងទាត់ និងតាមការកំណត់ ដោយសហការ ជាមួយក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាននីមួយៗ ដើម្បីផ្សព្វផ្សាយគោល- នយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” និងប្រមូលនូវសំណើសំណូមពររបស់ ប្រជាពលរដ្ឋ ដើម្បីធ្វើការដោះស្រាយតាមសមត្ថកិច្ច។ ជាមួយគ្នានោះ ត្រូវខិតខំពង្រឹងនិងជម្រុញការផ្ដល់សេវាជូនប្រជាពលរដ្ឋតាមរយៈយន្តការច្រកចេញចូលតែ មួយឱ្យមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធិភាពថែមទៀតផងដែរ ៕