ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំក្រុងពាលី សុំសេចក្តីសុខ មុនសម្ពោធជាផ្លូវការ ស្ថានីយប្រព្រឹត្តកម្មទឹកកង្វក់ជើងឯក

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នេះបានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី តាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខ សេចក្តីចំរុងចំរើន នៅមុនពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ថានីយប្រព្រឹត្តកម្ម ទឹកកង្វក់ជើងឯក ។

ស្ថានីយប្រព្រឹត្តកម្មទឹកកង្វក់ជើងឯក នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៧ ធ្នូឆ្នាំ២០២៣ ស្អែកនេះ ក្រោមអធិបតីភាព សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។

ជាប្រពៃណីទំនៀមទំលាប់ខ្មែរ មុននឹងសម្ពោធដាក់ឲ្យ ប្រើប្រាស់ នូវសមិទ្ធផលដែលបានសាងសង់រួច ឬមុននឹងចាប់ផ្តើមសាងសង់សំណង់ផ្សេងៗ ដើម្បីឲ្យការ សាងសង់នោះប្រព្រឹត្តទៅដោយរលូន និងមានសេចក្តីសុខសេចក្តីចំរើនដល់អ្នកប្រើប្រាស់សមិទ្ធផលទាំងនោះ តែងប្រារព្ធពិធី។

គម្រោងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ ជើងឯក ក្នុងរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទាន សហប្រតិបត្តិការឥតសំណង របស់រដ្ឋាភិបាលជប៉ុន នៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់ បានចំនួន ៥,០០០ម៉ែត្រគូប ក្នុង១ថ្ងៃ ។

គួររំលឹកថា ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ ជើងឯកនេះ បានបើកការដ្ឋានសាងសង់ នៅថ្ងៃទី២២ កុម្ភៈ ២០២២ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ៕

To Top