ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ត្រូវជាប្តីប្រពន្ធនឹងគ្នា ដែលនិយាយពាក្យសម្តីមិនសមរម្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ នៅលើបណ្តាញសង្គម ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ស្រាវជ្រាវឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធី។
ការចុះឃាត់ខ្លួននេះ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣បន្ទាប់ពីជនសង្ស័យប្រុសស្រីចំនួន២នាក់ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Ly Leap បង្ហោះវីដេអូនិយាយពាក្យសម្តីមិនសមរម្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ នៅលើបណ្តាញសង្គម។
បន្ទាប់មកលោកស្នងការ បានបញ្ជាមន្រ្តីជំនាញស្រាវជ្រាវរកម្ចាស់គណនី LY Leap និងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ១.ឈ្មោះ សុខ លា (ប្តី), ២.ឈ្មោះសុខ លីដា (ប្រពន្ធ) នៅចំណុចផ្ទះសំណាក់គ្រីនផាក ផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដើម្បីយកមកធ្វើការសាកសួរ និងធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលពួកគេមានវិជ្ជមានសារធាតុញៀន។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕