ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយនឹងអភិបាលក្រុងឈុនឆន់ ខេត្តកាំងវ៉ុន នៃសាធារណៈរដ្ឋកូរ៉េ ដើម្បីផ្តល់ឱកាសជូនពលរដ្ឋកម្ពុជា ដែលមានបំណងទៅធ្វើការ ជាពលកររដូវកាល នៅប្រទេសកូរ៉េខាងត្បូង។ ពិធីចុះអនុស្សរណៈនេះ គឺធ្វើឡើង នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ក្នុងពិធីចុះអនុស្សរណៈនោះលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណដល់លោក Yook, Dong Han អភិបាលក្រុងឈុនឆន់ចំពោះការទទួលយកពលករ ពីកម្ពុជានាពេលនេះ ។ ក្រៅពីការជ្រើសរើសពលកររដូវកាល លោករដ្ឋមន្ត្រី បានជំរុញឱ្យលោក អភិបាលក្រុងពិនិត្យ ក្នុងការជំរុញឱ្យរោងចក្រសហគ្រាស ក្នុងក្រុងទទួលយកពលករជំនាញ របស់កម្ពុជា(E7)ផងដែរ។

ទន្ទឹមនឹងនោះ លោកអភិបាលក្រុង បានថ្លែងអំណរគុណ ចំពោះលោករដ្ឋមន្ត្រី សម្រាប់កិច្ចសហការប្រកប ដោយទំនុកចិត្តរបស់ក្រសួងនាពេលនេះ ខណៈក្រសួងធ្លាប់មានបទពិសោធន៍ គ្រប់គ្រាន់លើការបញ្ជូនពលករទៅបម្រើការងារនៅសាធារណៈរដ្ឋកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតិមុខរបរ (ESP) រួមទាំងការចុះអនុស្សរណៈ នៃការយោគយល់ ស្តីពីការបញ្ជូនពលកររដូវកាល ជាមួយក្រុងនិងស្រុករបស់កូរ៉េជាច្រើនមកហើយ ។

សូមបញ្ជាក់ថា រាល់ការ បញ្ជូនពលករកម្ពុជា ទៅក្រៅប្រទេសទាំងអស់ ជាពិសេសប្រទេសកូរ៉េ គឺគួរតែឆ្លងកាត់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈដើម្បីធានាពីប្រសិទ្ធភាព និងការការពារសិទ្ធិពលករ ៕

