ព័ត៌មានជាតិ

វិទ្យាស្ថានជាតិ បណ្តុះបណ្តាល បច្ចេកទេស នៃក្រសួងការងារ ត្រៀមខ្លួនរួចរាល់ ដើម្បីបង្រៀនជំនាញ វិជ្ជាជីវៈដល់យុវជន មកពីគ្រួសារក្រីក្រ

ភ្នំពេញ ៖ លោក យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នេះបានលើកឡើងថា វិទ្យាស្ថាន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបើកជាផ្លូវការ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។

លោកបានគូសបញ្ជាក់ថា ចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ឱ្យអនុវត្តន៍ ជាផ្លូវការនូវការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វិទ្យាស្ថានជាតិបានទទួលយុវជន មកចុះឈ្មោះចូលរៀនបានចំនួន ១០០៥នាក់ លើជំនាញចំនួន ៧ មានដូចជា ជំនាញជាងកំបោរ ការដំឡើងអគ្គិសនីក្នុងអាគារ សេវាកម្មត្រជាក់ ក្នុងគេហដ្ឋាន សេវាកម្មកុំព្យូទ័រ រចនាក្រាហ្វិកដោយកុំព្យូទ័រ និងការថែទាំងបរិក្ខាអេឡិចត្រូនិច។

លោកបន្ថែមថា៖«ជំនាញទាំងនេះជាជំនាញអាទិភាពរបស់វិទ្យាស្ថាន ហើយជំនាញទាំងនេះមើលឃើញថាមានភាពងាយស្រួលទៅដល់និស្សិត និងសិក្ខាកាមរកការងារធ្វើ ជាពិសេសនោះទទួលបានប្រាក់កម្រៃច្រើន នៅពេលដែលពួកគេបញ្ចប់ ការសិក្សានៅទីនេះ ។ ការជ្រើសរើសជំនាញទាំងនេះ ផ្អែកទៅតាមពាក្យស្លោក របស់សម្តេចធិបតីនាយករដ្ឋមន្រ្តី គឺរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ» ។

លោកបន្តថា វិទ្យាស្ថានជាតិ បណ្តុះបណ្តាល បច្ចេកទេសនឹងបើកថ្នាក់ដំបូង ក្នុងការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ ទៅដល់សិស្ស ដែលបានចុះឈ្មោះ ចូលរៀននៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខ ។ វិទ្យាស្ថានបានរៀបចំ ទាំងសម្ភារៈ ថ្នាក់រៀន រោងជាង បន្ទាប់ពិសោធន៍ គ្រូបណ្តុះបណ្តាល ដែលពោពេញទៅដោយសមត្ថភាពផងដែរ ។

គូរបញ្ជាក់ផងដែរថា​ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ឱ្យអនុវត្តន៍ ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ ដែលការបណ្តុះបណ្តាលនេះ មានរយៈពេល៤ខែ សិក្សាដោយឥតគិតថ្លៃ ដោយឡែកយុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល រហូតដល់រៀនចប់ ។

ទន្ទឹមនឹងនេះ លោក យ៉ោក សុទ្ធី បានអំពាវនាវទៅដល់យុវជន ដែលមិនទាន់ចុះឈ្មោះចូលរៀន ស្វែងយល់អំពីជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ហើយនាំគ្នាមកចុះឈ្មោះ ចូលរៀនឱ្យបានគ្រប់ៗគ្នា ៕

To Top