ភ្នំពេញ ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យ ក្រសួងព័ត៌មាន បានស្នើឲ្យប្រជាពលរដ្ឋ ត្រូវចូលរួមទប់ស្កាត់ ព័ត៌មានក្លែងក្លាយ ស្របពេលដែល សព្វថ្ងៃការរីកចម្រើន ខាងផ្នែកបច្ចេកវិទ្យា បានបង្កភាពងាយស្រួល ដល់ការប្រាស្រ័យទាក់ទងគ្នា និងទទួលបាននូវព័ត៌មាននានា ជាពិសេសតាមរយៈមធ្យោបាយប្រព័ន្ធ ផ្សព្វផ្សាយទំនើប រាប់បញ្ចូលទាំងការ ផ្សព្វផ្សាយលើប្រព័ន្ធអុីនធ័រណែត និងបណ្តាញសង្គមគ្រប់ប្រភេទ ដែលបានរីកដុះដាលឡើងយ៉ាងខ្លាំង ។
លោក អាស្នារិទ្ធ បានឱ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ដឹងនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣ នេះថា ទន្ទឹមនឹងការផ្តល់ភាព ងាយស្រួលនេះ គ្រោះថ្នាក់នៃព័ត៌មាន ក្លែងក្លាយបាននិងកំពុងជះឥទ្ធិពល និងផលវិបាកមកលើសង្គមរស់នៅផងដែរ ពោលគឺព័ត៌មានក្លែងក្លាយ អាចបង្កភាពចលាចល អាចឲ្យសង្គមមានភាព ច្របូកច្របល់ ដែលនាំឲ្យមានការបាត់បង់ជំនឿទុកចិត្តក្នុងសង្គម ប្រជាពលរដ្ឋខាតបង់ពេលវេលា ថវិកា រីឯការបង្ខូចកេរ្តិ៍ឈ្មោះប៉ះ ពាល់ដល់ឯកជនភាព ធ្វើឲ្យបាត់បង់កិត្តិយស ។ ជាងនេះទៀត គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ អាចនឹងបង្កឲ្យមានការរើសអើង អរិភាព ក្នុងសង្គម និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិផងដែរ ។ នេះបើតាមប្រសាសន៍របស់លោក ទេព អស្នារិទ្ធ ។
អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ក្នុងស្ថានភាពបច្ចុប្បន្ន និងទៅអនាគត ការប្រយុទ្ធប្រឆាំងនឹង ព័ត៌មានក្លែងក្លាយមានភាពចាំបាច់ណាស់ ដើម្បីបន្តធានាសន្តិសុខសណ្តាប់ធ្នាប់ និងស្ថេរភាពសង្គម ។ លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់ថា ព័ត៌មានក្លែងក្លាយត្រូវបន្សាបដោយព័ត៌មានពិត ដូច្នេះចាំបាច់ណាស់យើងត្រូវរួមគ្នា ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដោយជំរុញការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីលុបទៅលើព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយតែព័ត៌មាន ដែលមានគុណភាពសម្រាប់ផ្តល់ជាចំណេះដឹង និងអត្ថប្រយោជន៍ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងធានាបាននូវ សណ្តាប់ធ្នាប់ល្អ និងសុវត្ថិភាពក្នុងសង្គម។
អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ បានបន្តថា ប្រជាពលរដ្ឋគ្រប់រូប ដែលជាអ្នកទទួល និងចែករំលែកព័ត៌មាន ជាពិសេសអ្នកប្រើប្រាស់បណ្តាញ សង្គមគ្រប់ប្រភេទ មានតួនាទីសំខាន់ណាស់ ដើម្បីចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំង នឹងព័ត៌មានក្លែងក្លាយ ព្រោះប្រសិនបើប្រជាពលរដ្ឋ យើងចែករំលែកព័ត៌មានពិត ព័ត៌មានល្អ មានគុណភាពទៅឲ្យសមាជិកដទៃទៀត ក្នុងក្រុមគ្រួសារក្តី ក្នុងសហគមន៍ខ្លួនក្តី នោះសង្គមគ្រួសារ និងជាតិទាំងមូលនឹងសុទ្ធសឹងទទួលបាននូវព័ត៌មានពិត ហើយរួមចំណែកបានក្នុងការទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយ។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យ ក្រសួងព័ត៌មាន បានផ្តល់អនុសាសន៍ ដើម្បីទប់ស្កាត់ការ រីកសាយភាយ នូវព័ត៌មានក្លែងក្លាយ ដោយប្រជាពលរដ្ឋ អាចអនុវត្តនូវ វិធានសំខាន់មួយចំនួនដូចជា៖ ១. មុននឹងជឿលើ ព័ត៌មានអ្វីមួយ សូមសួរខ្លួនឯងថាតើព័ត៌មាន នោះមានប្រភពច្បាស់លាស់ឬទេ តើវាមានប្រភពពីណា ហើយតើជាប្រភព ដែលអាចទុកចិត្ត បានដែរឬទេ? ២. សូមពិចារណា ឲ្យបានច្បាស់ជាមុនសិនថា តើគួរចែករំលែកព័ត៌មាន នោះទៅអ្នកដទៃដែរឬទេ ហើយការចែករំលែកនោះនឹង ផ្តល់ផលប្រយោជន៍ ឬអាចបង្កផលវិបាក ដល់សង្គមគ្រួសារ និងជាតិ? ៣. ប្រសិនបើមានភាព សង្ស័យ មន្ទិលក្នុងចិត្តលើភាពសុក្រិត ភាពពិតនៃព័ត៌មានណាមួយ សូមកុំចែករំលែកបន្ត និងគួរប្រកាន់ខ្ជាប់នូវ ទម្លាប់ផ្ទៀងផ្ទាត់ព័ត៌មានឲ្យច្បាស់ជាមុនសិន មុននឹងចែករំែលកព័ត៌មាននោះបន្ត។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងបន្ថែមថា ក្រសួងព័ត៌មាននឹងរៀបចំនូវយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ Zero Fake News Campaign នៅពេលខាងមុខ ក្រោមការដឹកនាំរបស់ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដោយផ្តោតលើការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជន និងលើកកម្ពស់ចំណេះដឹងសាធារណៈតាមរយៈការផ្សព្វផ្សាយដើម្បីបង្កើនការយល់ដឹង របស់ប្រជាពលរដ្ឋអំពីផលវិបាកនៃព័ត៌មានក្លែងក្លាយ ក៏ដូចជាវិធានការនានា ក្នុងការទប់ស្កាត់ការសាយភាយ នៃព័ត៌មានក្លែងក្លាយនេះ ។ លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់ដែរថា អ្នកសារព័ត៌មាន ជាតួអង្គដ៏សំខាន់មួយ ក្នុងសង្គមក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ព្រោះការផ្សព្វផ្សាយខ្លឹមសារព័ត៌មាន ពិតច្រើនដែលមានគុណភាព ពោលគឺជាព័ត៌មានគ្រប់ជ្រុងជ្រោយ ដោយត្រូវមានប្រភពច្បាស់លាស់ ខ្លឹមសារមានតុល្យភាពព័ត៌មាន វានឹងលុបលើព័ត៌មានក្លែងក្លាយ ហើយនៅពេល ដែលបរិមាណនៃព័ត៌មានពិត ត្រូវបានចែកចាយកើនឡើងច្រើន ពេលនោះព័ត៌មានក្លែងក្លាយនឹង ស្លាប់ទៅដោយខ្លួនឯង។ ក្នុងន័យនេះដែរ អ្នកសារព័ត៌មាន ក៏ត្រូវបន្តពង្រឹងសមត្ថភាពជំនាញ និងប្រកាន់ខ្ជាប់នូវ ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ត្រូវកសាងទំនាក់ទំនងល្អ ជាមួយប្រភពព័ត៌មាន ក្នុងនោះមានអ្នកនាំពាក្យ តាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និង ភាគីផ្សេងៗទៀត ដោយមិនត្រូវអនុវត្តលើសពីតួនាទី និងភារកិច្ចខ្លួនជា អ្នកសារព័ត៌មាន នោះទេ នោះព័ត៌មានពិត ដែលបានផ្សាយនឹងទាក់ទាញបាននូវការតាមដាន និងការចាប់អារម្មណ៍ច្រើន ពីសំណាក់ប្រជាពលរដ្ឋ មកលើការផ្សព្វផ្សាយ របស់អង្គភាពរបស់ខ្លួន ហើយថែមទាំងរួមចំណែកដល់ការប្រយុទ្ធប្រឆាំង នឹងព័ត៌មានក្លែងក្លាយទៀតផង៕