ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកប ដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាង វិមានឈ្នះ ឈ្នះ អាជ្ញាធរ នឹងធ្វើការបញ្ចៀសចរាចរ យានយន្តគ្រប់ប្រភេទ ជាបណ្ដោះអាសន្ន ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ ក្នុងថ្ងៃ២៩ ដល់ថ្ងៃ៣១ធ្នូ ។
បើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ឱ្យដឹងថា “ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នឹងមានរៀបចំ ប្រារព្ធពិធីខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកប ដោយជោគជ័យ នយោបាយឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ស្ថិតក្នុង ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការរៀបចំ ពិព័រណ៍សមិទ្ធផល និងម្ហូបអាហារខ្មែរ ប្រគំតន្ត្រី និងអុជកាំជ្រួច អបអរសាទរផងដែរ”។
រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់បន្ថែមថា ដើម្បីឱ្យកម្មវិធីខាងលើ ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀស ចរាចរជាបណ្តោះអាសន្ន ដូចខាងក្រោម ៖
១-ក្នុងអំឡុងការប្រារព្ធ ពិធីខាងលើនាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ មិនអនុញ្ញាត ឱ្យយានជំនិះ គ្រប់ប្រភេទធ្វើចរាចរឆ្លង កាត់កំណាត់មហាវិថីឈ្នះ ឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិ លេខ៦ ចាប់ពីវេលាម៉ោង ០៥:០០នាទី រហូតដល់បញ្ចប់កម្មវិធី ប្រហែលវេលាម៉ោង ១១:០០នាទី ។ ក្រោយពេលចប់ពិធី យានជំនិះ អាចចរាចរជាប្រក្រតី ដោយមានសមត្ថកិច្ច នៅតាមគោលដៅជួយ សម្របសម្រួលចរាចរជូន ។
២-ចាប់ពីម៉ោង ១៤:០០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣តទៅ ពិធីខាងលើនឹងបើកជូនសាធារណៈជន ចូលរួមទស្សនា ហើយយានជំនិះគ្រប់ប្រភេទ អាចធ្វើដំណើរឆ្លងកាត់កំណាត់ មហាវិថីឈ្នះឈ្នះដូច ប្រក្រតី លើកលែងតែរថយន្តដឹក ទំនិញធុនធ្ងន់ រថយន្តដឹកដី រថយន្តដឹក ខ្សាច់ និង រថយន្តកុងតឺន័រ មិនត្រូវបានអនុញ្ញាត ឱ្យធ្វើចរាចរឆ្លង កាត់កំណាត់ មហាវិថីឈ្នះ ឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៕