ភ្នំពេញ ៖ លោក ម៉ៅ សុផាន់ ប្រធានក្រុមការងារ រាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផល ការងារឆ្នាំ២០២៣ និងលើកទិសដៅ សម្រាប់អនុវត្តបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រះវិហារ ។

ក្នុងឱកាសនោះ លោក គីម រឹទ្ធី បានរាយការណ៍សង្ខេបអំពីលទ្ធផល ការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រះវិហារ មានដូចជាការងារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ការគ្រប់គ្រងធនធាន ធម្មជាតិ ការប្រើប្រាស់ដីធ្លី ព្រៃឈើ និងជលផល និង ការផ្តល់សេវាសង្គម និងការងារបណ្តុះ បណ្តាលវិជ្ជាជីវៈ និងកិច្ចគាំពារសង្គម។

ថ្លែងក្នុងពិធីបិទសន្និបាតនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក ម៉ៅ សុផាន់ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំនៃរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានរួមគ្នាយ៉ាងល្អបំពេញតួនាទី ភារកិច្ច ការទទួលខុសត្រូវ រហូតសម្រេចបាននូវសមិទ្ធផលនានាជាច្រើនជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្ត ។

លោកបានបន្តទៀតថា ឆ្នាំ២០២៤ ខាងមុខនេះ ជាឆ្នាំទី១ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាល សាធារណៈទំនើប ប្រកបដោយសមត្ថភាព វៃឆ្លាត និងស្អាតស្អំ ហើយក៏ជារបៀបវារៈនយោបាយដ៏សំខាន់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយទស្សនវិស័យ ច្បាស់លាស់ និងវែងឆ្ងាយ ដែលនឹងនាំប្រទេសជាតិ ឱ្យកាន់តែមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់ វិស័យជាបន្តទៀត។

ជាមួយគ្នានេះ លោក ម៉ៅ សុផាន់ ផ្ដល់គោលការណ៍ណែនាំ លើកិច្ចការ អាទិភាពសំខាន់ៗ មួយចំនួន និងទិសដៅសម្រាប់ អនុវត្តឆ្នាំ២០២៤ ដល់រដ្ឋបាលខេត្តព្រះវិហារ ជាមានដូចជា (១) ការពង្រឹងខឿនការពារជាតិ និងការពារសន្តិសុខជាតិ ឱ្យបានរឹងមាំ (២) បន្តជំរុញចលនាអនុវត្តគោល នយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព (៣) ពង្រឹងការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (៤) យកចិត្តទុកដាក់ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការចុះបញ្ជីដីធ្លី (៥) ការចូលរួមអនុវត្តកម្មវិធីគោលនយោបាយនានា របស់រាជរដ្ឋាភិបាល និង (៦) ការពង្រឹងរបៀបរបបការងារ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ៕




