ព័ត៌មានជាតិ

នាវាទេសចរណ៍ Westerdam ចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ម្ដងទៀត

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ នាវាទេសចរណ៍ដ៏ល្បីឈ្មោះ Westerdam បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ម្ដងទៀតក្រោយធ្លាប់ចូលចតកាលពី៣ឆ្នាំមុន អំឡុងការ​រាតត្បាត​ជំងឺ​កូវីដ-១៩។

នាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែរបស់កម្ពុជា នាពេលនេះ ដោយបាននាំភ្ញៀវទេសចររាប់ពាន់នាក់ផងដែរ។ ចំពោះពិធីទទួល ភ្ញៀវទេសចរបានធ្វើឡើងក្រោមវត្តមានលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

នាវាទេសចរណ៍នេះ នឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេលពេញមួយថ្ងៃ គឺនៅថ្ងៃទី២៨ ធ្នូ នេះ ហើយមានភ្ញៀវទេសចរមួយចំនួន នឹងបន្ដទស្សនានៅកម្ពុជា ខណៈភ្ញៀវទេសចរ មួយចំនួនទៀត នឹងត្រឡប់ទៅតាមនាវាវិញ។

សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យនាវាទេសចរណ៍អាម៉េរិក ដែលមានឈ្មោះថា Westerdam ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោយពីប្រទេស និងកោះចំនួន៥ បានបដិសេធលើការស្នើសុំចតរបស់ក្រុមហ៊ុន Holland America Line ដោយសារបារម្ភពីជំងឺកូវីដ១៩៕

To Top