ភ្នំពេញ៖ រយៈពេល៤ខែ នៃការចូលកាន់តំណែង ជារដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនីតិកាលទី៧នេះ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំក្រសួងការងារអនុវត្តអនុសាសន៍ទាំង ៦ចំណុច របស់នាយករដ្ឋមន្ត្រីគ្រប់ជ្រុងជ្រោយ។ ជាអនុសាសន៍ដែលសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ចំនួន៦ចំណុច កាលពីថ្ងៃទី២៩ ខែសីហា ដើមអាណត្តិដើម្បីអនុវត្តឱ្យបាននៅឆ្នាំ២០២៣នេះ។ នេះបើតាមលោក កត្តា អ៊ន មន្រ្តីនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នេះ ។

បើតាមអ្នកនាំពាក្យ អនុសាសន៍ដែលបានអនុវត្តន៍ គ្រប់ជ្រុងជ្រោយនោះរួមមាន ទី១. ការកំណត់ប្រាក់ឈ្នួលអប្បរមា សម្រាប់កម្មករនិយោជិតឆ្នាំ២០២៤ ដែលសម្រេចបាន កាលពីថ្ងៃទី២៨ ខែកញ្ញាចំនួន ២០២ដុល្លារ តាមរយៈយន្តការការចរចាត្រីភាគី របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា និង សម្ដេចធិបតីបន្ថែម២ដុល្លាទៀត ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាមានចំនួន ២០៤ដុល្លាសម្រាប់ឆ្នាំ២០២៤។ ត្រង់ចំណុចនេះ សម្តេចនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ត្រូវសម្រេចឱ្យ បាននូវមុនពិធីបុណ្យភ្ជុំបិណ្ឌនៅថ្ងៃទី១៣ ខែតុលា។

លោកបន្ថែមថា កិច្ចការងារទី២ ដែលសម្រេចបានគឺ ការរៀបចំដាក់ឱ្យដំណើរការរបបសន្តិសុខ សង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកប.ស.ស.។ កិច្ចការដ៏សំខាន់នេះ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រីមន្ត្រី ប្រកាសកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយបើគិតពីពេលនោះ មកដល់ត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ មានក្រុមគោលដៅចំនួន១០២ ៦០៤នាក់ បានចុះបញ្ជី និងបានទៅប្រើប្រាស់សេវាចំនួន ចំនួន ៤៦ ៩១២ដង។

លើសពីនេះទៅទៀត សម្រាប់កិច្ចការទី៣ដែល សម្រេចគួរឱ្យកត់សម្គាល់មួយទៀត គឺ ការដាក់ឱ្យដំណើរការកម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ កិច្ចការនេះ ក៏ត្រូវបានប្រកាសដោយសម្តេចនាយករដ្ឋមន្ត្រី ប្រកាសកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ផងដែរ។ ហើយបច្ចុប្បន្ននេះ មានក្រុមគោលដៅប្រមាណជិត២ម៉ឺននាក់ បានចុះឈ្មោះចូលរៀនរួចរាល់ហើយ។ ចំពោះកិច្ចការទី៤ ក្រសួងបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន ១៧រួចរាល់ ដើម្បីបើកផ្លូវឱ្យមានកិច្ចសហប្រតិបត្តិការ លើការហាត់ការ និងកម្មសិក្សាដើម្បីគាំទ្រដល់ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។

ដោយឡែកកិច្ចការឧបត្ថម្ភ សាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ ដែលជាកិច្ចការសំខាន់ទី៥ ក្រសួងបានអនុវត្តការងារនេះយ៉ាងខ្ជាប់ខ្ជួន ចាប់តាំងពីខែសីហារហូតមក។ បើគិតចាប់តាំងពីខែសីហារហូតដល់ថ្ងៃទី២០ ខែវិច្ឆិកានេះ រដ្ឋាភិបាលបានចំណាយថវិកាប្រមាណជាង ៦លានដុល្លារអាមេរិកសម្រាប់កម្មការិនី មន្ត្រីរាជការ មន្ត្រីកិច្ចសន្យាជាស្ត្រីទៅពិនិត្យសុខភាព មុន ក្រោយសម្រាល ពេលសម្រាល និងចាក់វ៉ាកសាំងជិត ៦ម៉ឺននាក់។ នេះបើតាមប្រសាសន៍របស់ លោករដ្ឋមន្ត្រីកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។

សម្រាប់ការងារចុងក្រោយទី៦ ស្តីពីសហគ្រាសមួយ គឺសហគមន៍សុខសាន្តមួយ ក្រសួងការងារ បានដាក់ចេញយន្តការពង្រឹង សមត្ថភាពមន្ត្រីអធិការកិច្ច មន្ត្រីផ្សះផ្សារវិវាទការងារ និងការពង្រឹងវិសាលភាពក្រុមប្រឹក្សា អាជ្ញាកណ្តាលដែលជាយន្តការត្រីភាគី។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួង នឹងដាក់ចេញនូវយុទ្ធនាការ ប្រឡងប្រណាំងយកពាន “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ចាប់ពីឆ្នាំ២០២៤នេះតទៅ។ ក្រៅពីសម្រេចអនុសាសន៍ទាំង៦នោះ អនុសាសន៍ចំនួន៤ចំណុចផ្សេងទៀត ក៏ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ពីវឌ្ឍនភាពចំនួន៤ចំណុច ផ្សេងទៀតដែលក្រសួងបានសម្រេចផងដែរ ៕


