ភ្នំពេញ ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ដំណើរការរៀបចំការ បោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កំពុងតែប្រព្រឹត្តទៅយ៉ាង សកម្មតាមផែនការមេ និងប្រតិទិន ដែលបានគ្រោងទុក ខណៈមានគណបក្ស នយោបាយ៤បានចូលរួមប្រកួតប្រជែងគ្នា។

ក្នុងពិធីចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃ២៨ ធ្នូ លោក ប្រាជ្ញ ចន្ទ ថ្លែងថា គ.ជ.ប បានរៀបចំពិធីចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀង ឈ្មោះគណបក្ស នយោបាយឈរឈ្មោះ បោះឆ្នោតនៅ លើសន្លឹកឆ្នោត ដែលនឹងត្រូវបោះពុម្ពលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ។

លោក ប្រាជ្ញ ចន្ទ បញ្ជាក់ថា «ក្នុងឱកាសដ៏ថ្លៃថ្លានេះ តាងនាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខ្ញុំព្រះករុណាសូមទូលថ្វាយសម្តេចព្រះរាជតំណាងសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិអន្តរជាតិ ទាំងអស់ ព្រះមេត្តាជ្រាប និងជ្រាបថា ដំណើរការរៀបចំការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កំពុងតែប្រព្រឹត្តទៅយ៉ាង សកម្មតាមផែនការមេ និងប្រតិទិនដែលបានគ្រោងទុក»។

ប្រធាន គ.ជ.ប បន្ដថា នៅពេលខាងមុខ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវផលិតសន្លឹកឆ្នោតសម្រាប់ ភូមិភាគនីមួយៗ ដើម្បីប្រើប្រាស់ក្នុងការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនៅក្នុងសន្លឹកឆ្នោត ទាំងនោះ ត្រូវការជាចាំបាច់នូវលំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត ដែលនឹងត្រូវកំណត់ជាលេខរៀង របស់គណបក្សនយោបាយនីមួយៗនៅលើ សន្លឹកឆ្នោតសម្រាប់ភូមិភាគទាំង ៨។

សូមរំលឹកថា លទ្ធផល នៃការចាប់ឆ្នោតលេខរៀង គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី១ , គណបក្សឆន្ទៈខ្មែរលេខរៀងទី២ , គណបក្សហ្វ៊ុនស៊ិនប៉ិចលេខរៀងទី៣ និងគណបក្សកម្លាំងជាតិលេខរៀងទី៤ ៕
