ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តដោយជោគជ័យ នូវគម្រោង លើកកម្ពស់ជីវភាពប្រជាជន ក្រីក្រ (LEAP) រាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃគម្រោង ថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ការលើកឡើងរបស់លោក ឃួង ស្រេង ក្នុងឱកាសអញ្ជើញបើកសន្និបាតបូក សរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារ ឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានីភ្នំពេញ” នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ ។
អភិបាលរាជធានីភ្នំពេញបញ្ជាក់ថា “បានអនុវត្តដោយជោគជ័យនូវគម្រោងលើកកម្ពស់ជីវភាពប្រជាជន ក្រីក្រ (LEAP) រាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃគម្រោង ថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមឥណទានរបស់ធនាគារពិភពលោក និងដឹកនាំអនុវត្តដោយក្រសួងមហាផ្ទៃ។ គិតមកទល់ពេលនេះ គម្រោងបានអនុវត្តអស់រយៈពេល៦ឆ្នាំ (២០១៨- ២០២៣) និងបានបិទបញ្ចប់គម្រោងកាលពីថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២៣ ក្នុងនោះទាំងអនុសកម្មភាពទី១ និងអនុសកម្មភាពទី២ ត្រូវបានអនុវត្តចប់សព្វគ្រប់ តាមផែនការដែលបានគ្រោងទុក ហើយឆ្លងតាមកិច្ចប្រជុំបច្ចេកទេស និងសិក្ខាសាលាឆ្លុះបញ្ចាំង ជាបន្តបន្ទាប់ គម្រោងនេះ ត្រូវបានក្រសួង-ស្ថាប័នថ្នាក់ជាតិដៃគូអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្នុងសហគមន៍គោលដៅ វាយតម្លៃថា ពិតជាបានផ្តល់ផលប្រយោជន៍ ដោយផ្ទាល់ដល់ប្រជាពលរដ្ឋ ចំនួនប្រមាណ ៥៦.៦៧៧នាក់ និងដោយប្រយោល ប្រមាណ២២ម៉ឺននាក់” ។
លោក ឃួង ស្រេង បន្តថា បច្ចុប្បន្ន ទោះបីសេដ្ឋកិច្ចជាតិត្រូវបានរាំងស្ទះដោយវិបត្តិជាសកល និងភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចពិភពលោកយ៉ាងណាក្តី ក៏គម្រោងអភិវឌ្ឍន៍ជាច្រើន បាននិងកំពុងដំណើរការសាងសង់ក្នុងរាជធានីភ្នំពេញ ក្នុងនោះ នៅរាជធានីភ្នំពេញមានសំណង់ បុរីចំនួន៣១០កន្លែង អគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅមានចំនួន១.៧៧៧អគារ និងបានពិនិត្យលើឯកសារ ស្នើសុំលិខិតអនុញ្ញាតសាងសង់ក្នុងគម្រោងថ្មីចំនួន៥៣៦គម្រោង លើផ្ទៃក្រឡាសំណង់សរុប២៦៩.១៦៦ម៉ែត្រការ៉េ ដែលមានទំហំទុនវិនិយោគ ប៉ាន់ស្មានប្រមាណ១៣២លានដុល្លារបន្ថែមទៀត ។
ដោយឡែក រោងចក្រវិនិយោគក្នុងរាជធានីភ្នំពេញមានចំនួន៧៦៣រោងចក្រ ក្នុងនោះ រោងចក្រដែលបានស្នើសុំចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគ រាជធានីភ្នំពេញមានចំនួន ៨១រោងចក្រ កើនឡើង១៨រោងចក្រ មានតម្លៃប៉ាន់ស្មានផលិតផលសរុប៦.៥៩៣ លានដុល្លារ កើនឡើងយ៉ាងគំហុក ក្នុងអត្រាប្រមាណ២១៨% បើធៀបនឹងតម្លៃប៉ាន់ស្មានផលិតផលសរុបក្នុងឆ្នាំ២០២២ កន្លងទៅ ដែលបង្ហាញឲ្យឃើញពីសញ្ញាណវិជ្ជមាននៃការវិនិយោគ ក្រោយពេលបើកដំណើរការសេដ្ឋកិច្ច-សង្គមពេញលេញ ឡើងវិញលើគ្រប់វិស័យ នារយៈពេល២ឆ្នាំចុងក្រោយនេះ ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានលើកឡើងពីរដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយរក្សាបានសន្តិសុខ-សណ្តាប់ធ្នាប់សាធារណៈល្អ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ដោយចំនួនបទល្មើសព្រហ្មទណ្ឌកើតមាន ៥៣១/៥៦៣ករណី ថយចុះ៣២ករណី ស្មើនឹង៥,៧% ក្នុងនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានម្ចាស់ការបង្ក្រាបបទល្មើសទាំងនេះ សរុបចំនួន៤៥៩ករណី ស្មើនឹង ៨៦,៤៤% នៃចំនួនបទល្មើសរួម ដែលនេះបង្ហាញឲ្យឃើញពីសញ្ញាណវិជ្ជមាន នៃការថយចុះនូវចំនួនបទល្មើសព្រហ្មទណ្ឌ, សុខសុវត្ថិភាព និងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើស កាន់តែមានប្រសិទ្ធភាព របស់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច ។
ជាមួយគ្នានេះដែរ ចំពោះការងារ កិច្ចការច្បាប់ និងការដោះស្រាយវិវាទមូលដ្ឋាន បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ចំនួន៩១ករណី ក្នុងនោះ សំណុំរឿងចំនួន៣៤ករណី បានដោះស្រាយចប់សព្វគ្រប់ និងសំណុំរឿងចំនួន៥៧ករណីទៀត កំពុងពិនិត្យ និងបញ្ជូនទៅអង្គភាពពាក់ព័ន្ធ ដើម្បីដោះស្រាយ ៕