ភ្នំពេញ៖ លោកស្រី ផង់ ពុទ្ធី នាយកវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនសៀមរាប បានលើកឡើងថា វិទ្យាស្ថាន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបើកជាផ្លូវការ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ។
លោកស្រី បានគូសបញ្ជាក់ថា ចាប់តាំងពីនៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ មក ទល់ថ្ងៃទី២៨ ធ្នូ ២០២៣ នេះ វិទ្យាស្ថានបានទទួលយុវជន មកចុះឈ្មោះចូលរៀន បានចំនួន ៧៧៥នាក់ លើជំនាញចំនួន ១០ មានដូចជា ដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ លាយកំបោរ ការដំឡើងបណ្តាញទឹក ការដំឡើង និងថែរទាំកាមេរ៉ាសុវត្ថិភាព ការរចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មសម្អាងកាយ សេវាកម្មកាត់សក់បុរស សេវាកម្មបរិក្ខាត្រជាក់ និងការធ្វើម្ហូប ។
លោកស្រីបន្តថា វិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគ តេជោសែនសៀមរាប នឹងបើកថ្នាក់ដំបូង ក្នុងការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈទៅដល់ សិស្សដែលបានចុះឈ្មោះចូលរៀននៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខ។ វិទ្យាស្ថានបានរៀបចំ ទាំងសម្ភារៈ ថ្នាក់រៀន រោងជាង បន្ទប់ពិសោធន៍ គ្រូបណ្តុះបណ្តាល ដែលពោរពេញទៅ ដោយសមត្ថភាពផងដែរ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ឱ្យអនុវត្តន៍ជាផ្លូវការ នូវការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ ដែលការបណ្តុះបណ្តាល នេះមានរយៈពេល៤ខែ សិក្សាដោយឥតគិតថ្លៃ ដោយឡែកយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល រហូតដល់រៀនចប់ ។
ទន្ទឹមនឹងនេះលោកស្រី បានអំពាវនាវទៅដល់យុវជន ដែលមិនទាន់ចុះឈ្មោះចូលរៀន ស្វែងយល់អំពីជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ហើយនាំគ្នាមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នា ៕