ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់មហាផ្ទៃ ឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវការពារសន្តិភាព និងពង្រឹងខឿនសន្តិសុខជាតិ​ ឲ្យបានរឹងមាំ

ភ្នំពេញ៖ ថ្លែងក្នុងពិធី​ បិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំ ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៩ធ្នូនេះ លោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវអនុវត្តការងារ លើកិច្ចការពារសន្តិភាព និងការពង្រឹងខឿនសន្តិសុខជាតិ​ ឱ្យបានរឹងមាំ ។

ក្នុងឱកាសតំណាងឲ្យលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកប្រាក់ សំអឿន បានធ្វើការចង្អុលបង្ហាញ និងណែនាំ នូវវិធានការ និងកិច្ចការងារបន្តមួយចំនួន ដល់រដ្ឋបាលរាជធានីភ្នំពេញ ដោយក្នុងនោះ លោកលើកឡើងថា ឆ្នាំ២០២៤នេះ ជាឆ្នាំទី១ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដូច្នេះស្នូល នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឲ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

រដ្ឋលេខាធិការរូបនេះ គូសបញ្ជាក់ថា “រដ្ឋបាលរាជធានីភ្នំពេញ ត្រូវអនុវត្តការងារ លើកិច្ចការពារសន្តិភាព និងការពង្រឹងខឿនសន្តិសុខជាតិឲ្យបានរឹងមាំ ។ កងកម្លាំងមានសមត្ថកិច្ចជាស្នូល និងជាបង្អែករបស់ប្រជាជន ត្រូវខិតខំលើកកម្ពស់ ប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេស បទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បទល្មើសបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន ខុសច្បាប់ និងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ព្រមទាំងប្រឆាំងរាល់សកម្មភាព​ ដែលប៉ុនប៉ង បង្កនូវអសន្តិសុខក្នុងសង្គម និងការផ្សព្វផ្សាយព័ត៌មានមិនពិត ឬញ៉ែញ៉ងតាមបណ្តាញសង្គម”។

លោកក៏បានណែនាំ ឲ្យរក្សាស្ថិរភាពសន្តិសុខផ្ទៃក្នុង ធានាប្រក្រតីភាពស្ថាប័នជាតិ ធានាសុវត្ថិភាព ជូនឥស្សរជនជាន់ខ្ពស់ជាតិ និងអន្តរជាតិ ព្រមទាំងព្រឹត្តិការណ៍នយោបាយជាតិ តំបន់ និងអន្តរជាតិ ដែលរៀបចំឡើងនៅកម្ពុជាពិសេស ការដំណើរការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភាអាណត្តិទី៥ និងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី៤ ឆ្នាំ២០២៤នាពេលខាងមុខ។

ត្រូវទប់ស្កាត់ការបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់ ឬការបង្កើតតំបន់អបគមន៍ ព្រមទាំងប្រឆាំងរាល់ឧបាយកលសកម្មភាព​ នៃការប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់។ ត្រូវគិតគូរពីវិធានការនិងមធ្យោបាយនានា ក្នុងការបង្ការ និងពន្លត់អគ្គិភ័យ ជាពិសេសនៅតាម សំណង់អាគារខ្ពស់ៗ រោងចក្រ សហគ្រាស ផ្សារ និងផ្ទះសំបែងប្រជាពលរដ្ឋ។

លោក ប្រាក់ សំអឿន ក៏បានឲ្យជំរុញចលនាអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានា ឱ្យកាន់តែមាន ប្រសិទ្ធភាពថែមទៀត។ បន្ដទប់ស្កាត់ និងបង្ក្រាបបទល្មើស លួច ឆក់ ប្លន់ ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ខុសច្បាប់ ល្បែង ស៊ីសងខុសច្បាប់ ការជួញដូរមនុស្សតាមគ្រប់ទម្រង់ ការជំរិតទារប្រាក់ បទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា និងសកម្មភាពក្មេងទំនើងជាដើម។

ឆ្លៀតក្នុងឱកាសនេះ លោក ក៏បានលើកទឹកចិត្ត ដល់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់គិតគូររៀបចំ ផែនការ និងវិធានការនានា ដែលត្រូវអនុវត្តជាក់ស្តែង ដោយផ្អែកលើផែនការមេ ប្រើប្រាស់ដីធ្លីរបស់រាជធានីភ្នំពេញ ឆ្នាំ២០៣៥, ផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ស្តីពីទីក្រុងឆ្លាត និងមានចីរភាពឆ្នាំ២០២២-២០៣៥ផងដែរ ។

ជាមួយគ្នានេះ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លើកឡើងដែរថា រដ្ឋបាលរាជធានីភ្នំពេញ ប្ដេជ្ញាចិត្តរួមគ្នាដើម្បីពុះពារជម្នះគ្រប់ឧបសគ្គ ដោះស្រាយរាល់បញ្ហាប្រឈម ដែលអាចកើតមាននិងបានឯកភាព ទៅលើទិសដៅអនុវត្តការងារ របស់រដ្ឋបាលរាជធានី ភ្នំពេញឆ្នាំ២០២៤ ។

លោក ម៉ប់ សារិន បញ្ជាក់ថា “នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ អង្គសន្និបាតទាំងមូល ក៏បានកំណត់ទិសដៅ ភារកិច្ច និងការទទួលខុសត្រូវរួមគ្នា ក្នុងការត្រៀម លក្ខណៈលើការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយសង្គម ចំពោះព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវទទួលបន្ទុករាប់រងនៅរាជធានីភ្នំពេញ និងការត្រៀមលក្ខណៈចូលរួមសហការអនុវត្តកិច្ចការសំខាន់ៗ សម្រាប់គាំទ្រដល់ដំណើរ ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង- ស្រុក-ខណ្ឌ អាណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុននេះ៕

To Top