ព័ត៌មានជាតិ

ចេញមួយចូលមួយ! នាវាទេសចរណ៍ ១គ្រឿង នាំភ្ញៀវចម្រុះជាតិសាសន៍ ជាង៥០០នាក់ ចូលទស្សនាប្រទេសកម្ពុជា

នាវាទេសចរណ៍

ភ្នំពេញ៖ នាវាទេសចរណ៍ ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បាននាំយកភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ ជាង៥០០នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (ផែចាស់) ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា ។

សូមរំលឹកថា ការចូលចតនិងទស្សនា ប្រទេសកម្ពុជា នេះធ្វើឡើងក្រោយមួយថ្ងៃ នៃការចាកចេញរបស់ នាវាទេសចរណ៍ខ្នាតយក្ស Westerdam សញ្ជាតិអាមេរិក កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញនេះ។

បើតាម កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) បានឱ្យដឹងថា នាវាទេសចរណ៍ ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២១០.៥ម៉ែត្រ ទទឹង ២៨ម៉ែត្រ ជម្រៅ -៦ម៉ែត្រ ចេញដំណើរមកពីប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (ផែចាស់) ដោយសុវត្ថិភាព ដែលមាននាវិកសរុបចំនួន ៤២៧នាក់ ស្រី១០១នាក់ មាន៥២សញ្ជាតិនិងមានភ្ញៀវទេសចរ សរុបចំនួន៥៣២នាក់ ស្រី២៧៨នាក់ មាន ៣៣សញ្ជាតិ (សញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺអាមេរិក១៣៧នាក់ អូស្ត្រាលី ១១៤នាក់ និងអង់គ្លេស ៩៨នាក់) ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល១ថ្ងៃ (ក្នុងខេត្តព្រះសីហនុ ទៅទស្សនា ប្រាសាទអង្គរវត្ត ចំនួន ៣២នាក់ ស្រី២៣នាក់ មាន៨សញ្ជាតិ) ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងផងដែរថា នាវានេះនឹងចាកចេញទៅវិញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ២០.០០នាទី ឆ្ពោះទៅប្រទេសវៀតណាម ៕

To Top