ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា ថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយវិបត្តិនយោបាយ នៅមីយ៉ាន់ម៉ា

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាពេលថ្មីៗនេះ លោក Thit Linn Ohn ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជា ដែលចប់អាណត្តិការងារ បានថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយវិបត្តិនយោបាយ នៅមីយ៉ាន់ម៉ា។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស នាថ្ងៃទី២៨ ធ្នូ បានឱ្យដឹងថា ក្នុងនោះដែរ ភាគីទាំងពីរ បានគូសបញ្ជាក់ដោយពេញចិត្តចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា-មីយ៉ាន់ម៉ា ដែលបានកសាងឡើងលើមូលដ្ឋានដ៏រឹងមាំនៃមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងជាពិសេសតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច កម្រិតខ្ពស់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូត បានអបអរសាទរចំពោះជោគជ័យជាប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងការធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ និងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។

លោកឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងការដឹកនាំប្រទេសកម្ពុជាឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ក៏ដូចជាដំណើរការប្រព្រឹត្តទៅរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលកំពុងបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងពេលឆាប់ៗខាងមុខ។ តាងនាមឱ្យរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ថវិកាជាជំនួយមនុស្សធម៌ វ៉ាក់សាំង សម្ភារៈបរិក្ខារពេទ្យជាច្រើនសន្ធឹកសន្ធាប់ដល់មីយ៉ាន់ម៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងពេលកន្លងមក។

លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ លោកឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់សម្រាប់ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកម្ពុជាចំពោះទំនាក់ទំនងទ្វេភាគី និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយវិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ា ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងក្នុងនាមជាមិត្តជិតស្និទ្ធ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងប្រទេសមីយ៉ាន់ម៉ា៕

To Top