ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យកម្លាំងជំនាញធ្វើការ ស្រាវជ្រាវស្វែងរកអ្នកបើកបររថយន្ត Ford បន្ទាប់ពីគេចវេសមិនទទួលខុសត្រូវ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ នៅខណ្ឌសែនសុខ។
យោងតាមហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៣០ ធ្នូនេះ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Ford បើកបុក ម៉ូតូ បណ្តាលឱ្យជនរងគ្រោះរងរបួសស្រាល ប៉ុន្តែក្នុងហេតុការណ៍នោះឃើញម្ចាស់រថយន្ត បាត់បង់គុណធម៌ឃើញជនរងគ្រោះដួលហើយ មានចេតនាចង់បុក បន្ថែមទៅលើជនរងគ្រោះហើយបើកគេចខ្លួន។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បេីតាមហ្វេសប៊ុកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ថា «បន្ទាប់ពីហេតុការណ៍កើតឡើង លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវស្វែងរកអ្នកបើកបររថយន្ត Ford ដើម្បីឱ្យចូលខ្លួនមកសារភាព និងដោះស្រាយក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះចំពោះមុខសមត្ថកិច្ច និងអនុវត្តតាមនីតិវិធី បន្ទាប់ពីគេចវេសមិនទទួលខុសត្រូវ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍»។
ជាមួយគ្នានោះដែរឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានឲ្យម្ចាស់រថយន្ត Ford ភ្ងាក់រលឹកចូលខ្លួន មកដោះស្រាយចំពោះមុខសមត្ថកិច្ច ដើម្បីអនុវត្តតាមនីតិវិធី ៕