ព័ត៌មានជាតិ

កម្មវិធីប្រកួតប្រជែង លើប្រធានបទ​ភាព សុខដុមរមនា នៅកន្លែងធ្វើការ ដើម្បីប្រែក្លាយសហគ្រាសមួយ ជាសហគមន៍ សុខសាន្តមួយ​ បានបដិសន្ធិឡើងជាស្ថាពរ និងអនុវត្តចាប់ពីឆ្នាំ២០២៤តទៅ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការរៀបចំបង្កើតឱ្យមានកម្មវិធី ប្រកួតប្រជែងលើប្រធានបទ ភាពសុខដុមរមនា នៅកន្លែងធ្វើការ ដើម្បីប្រែក្លាយ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ត្រូវបានបដិសន្ធិឡើងជាស្ថាពរ និងអនុវត្តចាប់ពីឆ្នាំ២០២៤តទៅ ។

យោងតាមបណ្តាញសង្គមនានា របស់សម្តេចធិបតី នាថ្ងៃ៣០ធ្នូ នេះ បានលើកឡើងថា “នៅក្នុងជំនួបសំណេះសំណាលលើកដំបូង ជាមួយនឹងបងប្អូនកម្មករ​ និយោជិត លើកដំបូង ដែលរៀបចំឡើង ក្នុងតំបន់ព្រៃស្ពឺ ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩​ សីហា ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ ១០ចំនុច ដោយក្នុងនោះ មានកិច្ចការអាទិភាពចំនួន ៦ចំនុចសម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តឱ្យបានក្នុងឆ្នាំ២០២៣​” ។

ក្នុងនោះ បើតាមការលើកឡើង នៅលើបណ្តាញសង្គម របស់សម្តេចធិបតី ដដែលនេះ បញ្ជាក់ថា “កិច្ចការអាទិភាពក្នុងវិស័យការងារចំនួន ៥ចំនុច បានប្រកាសឱ្យអនុវត្តកន្លងមក រួចមកហើយ រីឯអនុសាសន៍ទី៦ ទាក់ទងនឹងការរៀបចំបង្កើត ឱ្យមានកម្មវិធីប្រកួតប្រជែង លើប្រធានបទ ភាពសុខដុមរមនា នៅកន្លែងធ្វើការ ដើម្បីប្រែក្លាយ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ត្រូវបានយកចិត្តទុកដាក់ និងបដិសន្ធិឡើងជាស្ថាពរ ដោយក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានដាក់ចេញនូវប្រកាសស្តីពី “ការកំណត់លក្ខណវិនិច្ឆ័យសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ដែលនឹងចាប់ផ្តើម អនុវត្តពីឆ្នាំ២០២៤តទៅ ក្នុងគោលបំណងលើកកម្ពស់សុខដុមនីយកម្ម ក្នុងទំនាក់ទំនងវិជ្ជាជីវៈ, បង្កើតនូវវប្បធម៌អនុលោមភាពតាមច្បាប់, ពង្រឹងប្រសិទ្ធភាព នៃយន្កការដោះស្រាយវិវាទការងារ ក្រៅប្រព័ន្ធតុលាការ, ពង្រឹងការអនុវត្តរបបសន្តិសុខសង្គម និងបង្កើនផលិតភាពការងារ” ៕

To Top