ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៤ ដោយមានការចូលរួមពី លោកនាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំងនាយ-នាយរង អាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
គោលការណ៍នៃការប្រកួតកីឡាដណ្តើមពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញនេះផងដែរ គឺតម្រូវឲ្យអង្គភាពចំណុះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមមាន មន្ទីរចំនួន០៧ វរអន្តរាគមន៍ចំនួន០១ និងមូលដ្ឋានអាវុធហត្ថខណ្ឌចំនួន១៤ ត្រូវបង្កើតក្រុមតាមអង្គភាពរៀងខ្លួន ដោយជ្រើសរើសកីឡាករចេញពីអង្គភាពខ្លួនឯង ដើម្បីចូលរួមធ្វើការប្រកួត ដោយប្រើរូបមន្ត ប្រកួតជម្រុះក្នុងពូល និងជ្រើសរើសយកក្រុមដែលឈ្នះ ក្នុងពូលនីមួយៗ មកធ្វើការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។
គោលបំណង នៃការរៀបចំការប្រកួតកីឡាបាល់ទាត់នេះ ក៏ដូចជាឆ្នាំមុនៗដែរ គឺដើម្បីនាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព និងជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ស្របតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជលើផ្ទៃប្រទេស ជាពិសេសការគាំទ្រវិស័យកីឡាបាល់ទាត់ គឺឆន្ទៈដ៏មុតមាំរបស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលមានតាំងពីលោកនៅជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យមកម៉្លេះ៕