ព័ត៌មានជាតិ

សម្ដេចធិបតី អបអរសាទរចំពោះប្រាក់ឈ្នួលថ្មី សម្រាប់កម្មករចំនួន២០៤ដុល្លារ ក្នុង១ខែ ចាប់ពីខែមករា ទៅ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរចំពោះប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ ចំនួន២០៤ដុល្លារ ក្នុង១ខែ ចាប់ពីខែមករា ឆ្នាំ២០២៤នេះ តទៅ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី បញ្ជាក់ថា «អបអរសាទរ ចាប់ពីខែមករា ឆ្នាំ២០២៤នេះ តទៅ បងប្អូនកម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ នឹងទទួលបានប្រាក់ឈ្នួលអប្បបរមា ២០៤ដុល្លារ ក្នុង ១ខែ គឺកើនជាងខែធ្នូ ឆ្នាំ២០២៣ ចំនួន៤ដុល្លារអាមេរិក»។

សូមបញ្ជាក់ថា ក្រៅពីប្រាក់ឈ្នួលគោល២០៤ដុល្លារហើយនោះ ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិតទទួលបានកន្លងមក ត្រូវបានរក្សាទុកនៅដដែល ដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន៧ដុល្លារក្នុងមួយខែ, ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន១០ដុល្លារក្នុងមួយខែ, ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោង ដោយស្ម័គ្រចិត្តចំនួន២ ០០០រៀល ក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ និងប្រាក់ រង្វាន់អតីតភាពការងារចំនួនពី២ដុល្លារដល់១១ដុល្លារក្នុងមួយខែ សម្រាប់កម្មករនិយោជិត ដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១៕

To Top