ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានណែនាំប្រជាពលរដ្ឋខ្មែរ រស់នៅតំបន់គ្រោះរញ្ជួយដី ក្នុងប្រទេសជប៉ុន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងបន្ដអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន ទោះបីជាទីភ្នាក់ងារឧតុនិយមជប៉ុន បានដកការព្រមានអំពីរលកយក្សស៊ូណាមិ នៅតាមបណ្តាខេត្តរងគ្រោះ។
យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំជប៉ុន នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បានប្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ កំពុងរស់នៅ ធ្វើការ និងសិក្សានៅជប៉ុន អំពីស្ថានភាពនៃគ្រោះរញ្ជួយដី (កម្រិត ៧.៦) ថា បើទោះជាទីភ្នាក់ងារឧតុនិយមជប៉ុន បានដកការព្រមានអំពីរលកយក្សស៊ូណាមិ នៅតាមបណ្តាខេត្ត ដែលរងគ្រោះដោយគ្រោះមហន្តរាយ នៃការរញ្ជួយដីខាងលើក៏ដោយ ក៏នៅបន្តឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន នូវហានិភ័យនៃគ្រោះរញ្ជួយដីនៅអំឡុង២-៣ថ្ងៃ ខាងមុខទៀត។
ដូច្នេះស្ថានឯកអគ្គរាជទូតកម្ពុជាបញ្ជាក់ថា «សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងតំបន់រងគ្រោះខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន។ ក្នុងករណី បងប្អូនបានទទួលព័ត៌មានអំពីប្រជាពលរដ្ឋ ខ្មែរយើង ដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬទូរស័ព្ទលេខ ០៨០ ៤៦៨៩ ៩៣៧៤»។
សូមបញ្ជាក់ថា ក្នុងគ្រោះរញ្ជួយដីនៅជប៉ុន មានអ្នកស្លាប់យ៉ាងហោចណាស់ចំនួន២៤នាក់ (មិនទាន់បញ្ជាក់អត្តសញ្ញាណ)នៅខេត្ត Ishikawa និងអ្នករបួសជាង ៦០នាក់ទៀត ក្នុងខេត្ត Ishikawa, Niigata, Fukui, Toyama និង Gifu , អគារជាង១០០ខ្នង នៅខេត្ត Ishikawa ត្រូវបានរងគ្រោះដោយអគ្គិភ័យ និងអគារជាច្រើនទៀតបានដួលរលំ ។ រហូតមកដល់ពេលនេះ មានប្រជាជនជាង ៤៥,០០០គ្រួសារ បានជម្លៀសទៅកាន់ទីសុវត្ថិភាព (ក្នុងចំណោម ៤៥,០០០គ្រួសារនេះ នៅតំបន់ខ្លះ មិនមានថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ទេ) មានការដាច់ចរន្តអគ្គីសនីចំនួន ៣៣,០០០ខ្នង , រដ្ឋាភិបាលជប៉ុន កំពុងដឹកស្បៀងអាហារទៅតំបន់រងគ្រោះ និងបញ្ជូនកងកម្លាំងប្រមាណជាង ១,០០០នាក់ (បានទៅដល់កន្លែងរងគ្រោះមួយចំនួន) ដើម្បីទៅជួយសង្គ្រោះ និង៨,៥០០នាក់ ផ្សេងទៀតត្រៀមនឹងបញ្ជូនបន្ថែម ក្នុងករណីចាំបាច់៕