ព័ត៌មានជាតិ

មន្រ្តីនគរបាលយុត្តិធម៌ មិនមានសិទ្ធិឃាត់ខ្លួនជនសង្ស័យឡើយ លើកលែងបទល្មើសជាក់ស្តែង

ភំ្នពេញ ៖ ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា មន្រ្តីនគរបាលយុត្តិធម៌ មិនមានសិទ្ធិឃាត់ខ្លួនជនសង្ស័យឡើយល្គឹកណាគ្មានបញ្ជាឲ្យឃាត់ខ្លួនពីព្រះរាជអាជ្ញាលេីកលែងបទល្មើសជាក់ស្តែង។

ការលើកឡើងរបស់ ឧត្តមសេនីយ៍ឯក ជីវ ផល្លីបានធ្វេីឡេីង ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងអំពីធ្វើអាជីវកម្មផ្លូវភេទ ដែលបានអនុវត្តកន្លងមក (២០២៣) នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។

នាឱកាសនោះ ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានពន្យល់បន្ថែមនូវចំណុចខ្វះខាតមួយចំនួន និងបានដាក់ទិសដៅបន្តមួយចំនួន ដូចជា៖ ពង្រឹងសមត្ថភាពយល់ដឹងអំពីច្បាប់ ពីនីតិវិធី ពីជំនាញ និងចែករំលែកបទពិសោធន៍បន្ត, ការកំណត់អត្តសញ្ញាណត្រូវតែធ្វើឡើងតាមការកំណត់ច្បាប់ជាតិ និងច្បាប់អន្តរជាតិ។

ឧត្តមសេនីយ៍ឯក បន្ដថា ត្រូវអនុវត្តរបបរាយការណ៍តាមឋានានុក្រម ឲ្យបានទាន់ពេលវេលា តាមការកំណត់របស់សេនាធិការដ្ឋាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរបបកំណត់របស់នាយកដ្ឋាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, ត្រូវយកចិត្តទុកដាក់ឆ្លើយតបឲ្យបានទៀងទាត់ និងឆ្លើយតបឲ្យបានទាន់ពេលវេលា, ត្រូវពង្រឹងសាមគី្គភាពផ្ទៃក្នុង ជៀសវាងការប្រកាន់បក្ខពួក, ត្រូវគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន អវត្តមានត្រូវមានច្បាប់ឲ្យបានត្រឹមត្រូវ, ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ វិន័យរបស់កងកម្លាំង៕

To Top