ព័ត៌មានជាតិ

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានត្រៀមខ្លួនរួចរាល់ ដើម្បីបង្រៀនជំនាញវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ

ភ្នំពេញ៖ លោក ងួន ហ៊ត នាយកវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានលើកឡើងថា វិទ្យាស្ថានបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបើកជាផ្លូវការវគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ខណៈមានយុវជនជាង ៦០០នាក់បានចុះឈ្មោះចូលរៀន។

លោកបានគូសបញ្ជាក់ថា ចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ នូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ វិទ្យាស្ថានបានទទួលយុវជនមកចុះឈ្មោះចូលរៀនបានចំនួន ៦៥៦នាក់​ លើជំនាញចំនួន ១៦ជំនាញ ដែលសុទ្ធសឹងតែជំនាញមានទីផ្សាការងារខ្ពស់ និងមានប្រាក់ចំណូលសមរម្យនាពេលបច្ចុប្បន្ននេះ។

លោកបន្ថែមថា៖ «សម្រាប់វិទ្យាស្ថានរបស់យើង នឹងបើកឱ្យចូលរៀនដំបូងរបស់ខ្លួននៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ខណៈវិទ្យាស្ថានបានត្រៀមខ្លួនរួចជាស្រេច លើការបណ្តុះបណ្តាលនៅពាក់កណ្តាលខែនេះ ទាំងគ្រូបង្រៀនជំនាញ បន្ទប់អនុវត្តន៍ និងសម្ភារៈបច្ចេកទេសផ្សេងៗផងដែរ»។

លោកអំពាវនាវឱ្យយុវជនគោលដៅទាំងអស់ សូមមកចុះឈ្មោះចូលរៀនជំនាញ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះទាំងអស់គ្នា ដើម្បីយ៉ាងហោចណាស់ធ្វើឱ្យខ្លួនឯង មានជំនាញមួយច្បាស់លាស់ប្រចាំជីវិត មានការងារ និងប្រាក់ចំណូលសមរម្យ។

គូរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានដាក់ឱ្យអនុវត្តន៍ ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ ដែលការបណ្តុះបណ្តាលនេះមានរយៈពេល៤ខែ សិក្សាដោយឥតគិតថ្លៃ ដោយឡែកយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល រហូតដល់រៀនចប់ ៕

To Top