ព័ត៌មានជាតិ

កម្ពុជា អនុម័តគម្រោងវិនិយោគ ២៦៨ សរុបទុនវិនិយោគជិត ៥ពាន់លានដុល្លារ នៅឆ្នាំ២០២៣

ភ្នំពេញ ៖ នៅឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ ចំនួន២៦៨ ហើយគម្រោងទាំងនេះ មានទុនវិនិយោគសរុបប្រមាណជិត ៥ពាន់លានដុល្លារអាមេរិក។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា «ក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី ចំនួន២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន២១ ហើយក្នុងនោះគម្រោងវិនិយោគចំនួន៧១ ត្រូវបានបណ្តាក់ទុនវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ គម្រោងទាំងនេះ មានទុនវិនិយោគសរុបប្រមាណជិត ៤.៩ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ៣០៧,០០០កន្លែង»។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា ចំនួនគម្រោងវិនិយោគ ក្នុងវិស័យឧស្សាហកម្ម បានចូលរួមចំណែកដល់ទៅប្រមាណ ៩២% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគប្រមាណ ៤៦% បានមកពីវិស័យនេះ។

ដោយឡែក វិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗ ដែលមានតែប្រមាណ ២,៦% នៃចំនួនគម្រោងវិនិយោគសរុប បានចូលរួមចំណែកដល់ទៅប្រមាណ ៤៤% នៃទុនវិនិយោគសរុប ដោយសារចរិតនៃការវិនិយោគក្នុងវិស័យនេះ ត្រូវការទុនវិនិយោគច្រើន។ ជារួម រំហូរទុនវិនិយោគឯកជននៅឆ្នាំ២០២៣ មានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងរង្វង់ប្រមាណ ២២% ធៀបនឹងឆ្នាំ២០២២ ។

សូមរំលឹកថា រំហូរទុនវិនិយោគក្នុងឆ្នាំ ២០២៣ ភាគច្រើនមានប្រភពមកពីប្រទេសចិន និងក្នុងស្រុក ដោយបានរួមចំណែកជិត ៩០% នៃទុនវិនិយោគសរុប។ប្រសិនបើពិនិត្យមើលរបាយគម្រោងវិនិយោគ ក្នុងឆ្នាំ២០២៣ គម្រោងវិនិយោគភាគច្រើន មានទីតាំងស្ថិតក្នុងខេត្តកំពង់ស្ពឺ ហើយគម្រោងវិនិយោគមួយចំនួនទៀត បានប្រមូលផ្តុំនៅរាជធានីភ្នំពេញ និងខេត្តជុំវិញរាជធានីភ្នំពេញ គឺខេត្តកណ្តាល និងខេត្តតាកែវ និងនៅតាមបណ្តាខេត្ត ដែលមានការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស គឺខេត្តស្វាយរៀង និងខេត្តព្រះសីហនុ៕

To Top