ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃ៣ មករានេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល។
សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាល ថ្លែងអំណរគុណ និងកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាលនៃមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលទាំងអស់ ដែលបានលះបង់ពេលវេលា កំលាំងកាយចិត្ត ចូលរួមចំណែកក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩។
ក្នុងការចុះពិនិត្យនេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានស្នើឲ្យថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលទាំងអស់ ត្រូវចូលរួមថែរក្សាសំណង់អគារ សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ជាពិសេសម៉ាស៊ីនពិសោធន៍ និងឧបករណ៍ផ្សេងៗ និងបន្តបណ្តុះបណ្តាលធនធានមនុស្សឲ្យមានជំនាញច្បាស់លាស់ ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះជ្រុងទី១ នៃបញ្ចកោណ ផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្សឲ្យមានគុណភាពខ្ពស់ និងសុខភាពល្អ ដែលជាគន្លឹះសំខាន់បំផុត សម្រាប់ការជំរុញពិពិធកម្ម និង កំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។
ឆ្លៀតក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីយកទៅអនុវត្តធានាការចូលរួមចំណែកសម្រេចបានសកម្មភាពនូវវិធានការគន្លឹះរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖
- ធានាឲ្យបានទាំងគុណភាព សុវត្ថិភាព បរិយាប័ន្ន និងនវានុវត្តន៍ នៃមន្ទីរពិសោធន៍ទាំង៣ របស់មជ្ឈមណ្ឌលជាតិ
- ពង្រឹងបន្ថែមកិច្ចសហការជាមួយនាយកដ្ឋានឱសថ សុវត្ថិភាពចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង និងអង្គភាពពាក់ព័ន្ធទាំងអស់
- យកចិត្តទុកដាក់បន្ថែមទៀតលើការលើកកម្ពស់ក្រមសីលធម៌វីជ្ជាជីវៈ និងការអនុវត្តច្បាប់ក្នុងវិស័យសុខាភិបាល
- គាំទ្រឲ្យបន្ត និងជំរុញកិច្ចសហការជាមួយដៃគូជាតិ និងអន្តរជាតិបន្ថែមទៀត ដើម្បីប្រើឲ្យអស់លទ្ធភាពក្នុងអនុវត្តផែនការយុទ្ធសាស្រ្តរបស់មជ្ឈមណ្ឌលជាតិ
-បន្តពង្រឹងការងារអភិបាលកិច្ច និងការងារគ្រប់គ្រង តាមរយៈការបណ្តុះបណ្តាលបន្តជាប្រចាំ អំពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្រ្តីបុគ្គលិក និងជំរុញការធ្វើទំនើបកម្មការងារអភិបាលកិច្ចនិងគ្រប់គ្រងដោយប្រើប្រាស់នូវកាលានុវត្តភាពរបស់បច្ចេកវិទ្យាឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។
ជាចុងក្រោយ សាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើសុំមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌល និងវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀត៕