ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ជំរុញឲ្យគ្រប់រោងចក្រ បំពាក់ឧបករណ៍ត្រួតពិនិត្យស្វ័យប្រវត្តិ ដើម្បីគ្រប់គ្រងសំណល់រាវពីរោងចក្រ

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានថ្លែងជំរុញ និងគាំទ្រឲ្យរោងចក្រទាំងអស់បំពាក់ឧបករណ៍ត្រួតពិនិត្យស្វ័យប្រវត្តិ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងការបញ្ចេញសំណល់រាវពីក្នុងរោងចក្រ ដែលការអនុវត្តនេះ ជាការចូលរួមជាមួយយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីសម្រេចបានភាពស្អាត តាមរយៈការបញ្ចេញសំណល់រាវដែលមិនមានសារធាតុគីមី សារធាតុពុលទៅក្នុងបរិស្ថាន ។

ការធ្វើបែបនេះ នឹងធ្វើឲ្យរោងចក្របន្តដំណើរការទៅបានដោយចីរភាព និងផលចំណេញ។

នេះជាការថ្លែងរបស់ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃទី៣ មករា ឆ្នាំ២០២៤ ខណៈចុះពិនិត្យការបញ្ចេញសារធាតុរាវ និងត្រួតពិនិត្យឧបករណ៍ត្រួតពិនិត្យគុណភាពទឹក នៅរោងចក្រ WANSHENG (CAMBODIA)TEXTILE & LAUNDRY CO.,LTD ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងរោងចក្រ Guoao (Cambodia) Enviromental Engineering Co.,Ltd រួមទាំងសមាគមសហគ្រាសដើម្បីគាំពារបរិស្ថាននៅកម្ពុជា ដែលស្ថិតនៅក្បែរព្រលានយន្តហោះពោធិ៍ចិនតុង។

លោក សួរ ហុង ម្ចាស់រោងចក្រ WANSHENG (CAMBODIA)TEXTILE & LAUNDRY CO.,LTD បានសម្តែងនូវភាពរីករាយចំពោះប្រសាសន៍របស់ លោករដ្ឋមន្រ្តី ហើយលោកនឹងចូលរួមចំណែកក្នុងភាពស្អាតរបស់កម្ពុជាជាមួយក្រសួងបរិស្ថានដែរ។

ជាពិសេស លោកបានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្រ្តី ដែលបានយកចិត្តទុកដាក់ និងស្វែងយល់អំពីក្តីកង្វល់របស់រោងចក្រ ដើម្បីជួយរកដំណោះស្រាយធ្វើយ៉ាងណាឲ្យរោងចក្រមានដំណើរការទៅបានរលូន និងទទួលបានផលចំណេញផង និងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខមាលភាពប្រជាពលរដ្ឋកម្ពុជា៕

To Top