ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា ណែនាំមន្ដ្រីបន្តរក្សាសីលធម៌ និងបំពេញភារកិច្ចប្រកបគណនេយ្យភាព ចំពោះក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំមន្ដ្រីក្រោមឱវាទទាំងអស់ បន្តរក្សាសីលធម៌ គុណធម៌ និងបំពេញតួនាទីភារកិច្ចប្រកបគណនេយ្យភាព ចំពោះក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីបន្តចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិរយៈពេល ៥ឆ្នាំទៅមុខទៀត។

ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង និវត្តន៍ជន អតីតយុទ្ធជន ទីប្រឹក្សា និងជំនួយការក្រសួងមហាផ្ទៃ នាថ្ងៃ៣ មករា លោកឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនមន្ត្រីរាជការ និវត្តជន អតីតយុទ្ធជន ទីប្រឹក្សា និងជំនួយការ ដែលមួយចំនួនធំក៏ត្រូវបានតែងតាំងបន្តពីអាណត្តិទី៦ រហូតមកដល់អាណត្តិទី៧ នេះ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះ ជាទីប្រឹក្សា និងជំនួយការ ដែលកន្លងមកបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ចរៀងៗខ្លួន ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានសមិទ្ធផលនានាជាច្រើន ជូនជាតិនិងប្រជាជន។ ឈរលើសមិទ្ធផលដែលសម្រចបានមកនេះ លោក បានជំរុញលើកទឹកចិត្តឲ្យបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងបានរឹងមាំ ចូលរួមសហការគ្នាគ្រប់ការងារពាក់ព័ន្ធ និងមានទំនាក់ទំនងល្អនៅក្នុងសង្គម បន្តចូលរួមការងារចុះពង្រឹងមូលដ្ឋាន ការងារសង្គម និងការងារមនុស្សធម៌ ពង្រឹងសមត្ថភាព លទ្ធភាព និងចែករំលែកចំណេះ ជំនាញ និងបទពិសោធន៍ទៅគ្រប់ ផ្នែកពាក់ព័ន្ធដើម្បីជួយលើកស្ទួយនូវអភិបាលកិច្ចល្អ។

លោកឧបនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ជាមួយគ្នានេះ បន្តរក្សាសីលធម៌ គុណធម៌ និងបំពេញតួនាទីភារកិច្ចប្រកបគណនេយ្យភាពចំពោះក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាល បន្តចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិរយៈពេល ៥ឆ្នាំទៅមុខ បន្តចូលរួមថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាព ការពារខឿនឯករាជ្យជាតិ អធិបតេយ្យភាព បូរណភាពទឹកដី ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»។

លោកឧបនាយករដ្ឋមន្ដ្រី បានស្នើឲ្យបន្តចូលរួមលើកកម្ពស់ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គម បន្តចូលរួមគាំទ្រនូវកំណែទម្រង់រដ្ឋបាលសាធារណៈ វិមជ្ឈការនិងវិសហមជ្ឈការ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ច្បាប់និងប្រព័ន្ធយុត្តិធម៌ និងកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ ដោយដើរទន្ទឹមនិងការជំរុញអភិបាលកិច្ចល្អ និងចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឲ្យកាន់តែសកម្មផុលផុសនៅគ្រប់គោលដៅ៕

To Top