កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រី អង្គភាពពាក់ព័ន្ធ ចុះពិនិត្យមន្ត្រីក្រុមវាល ដើម្បីពន្លឿនការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ នៅស្រុកស្ទឹងត្រង់ ។
លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ សម្រាប់ខេត្តកំពង់ចាម គឺប្តេជ្ញាធ្វើឲ្យរួចរាល់ នៅពាក់កណ្ដាលឆ្នាំ ២០២៤ នេះ ឲ្យក្លាយទៅជាខេត្តគំរូ បានបញ្ចប់ការងារនេះមុនគេ នៃបណ្ដាខេត្តផ្សេងៗ ទាំង២៥ រាជធានី ខេត្ត ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា បើទោះជាមានបញ្ហាប្រឈមខ្លះៗ ក្នុងដំណើរការចុះបញ្ជីដីធ្លីជាប្រព័ន្ធនេះក៏ដោយ ក៏មន្ត្រីជំនាញក្រុមវាលរបស់យើង បានធ្វើការប្ដេជ្ញាចិត្តរួមគ្នា សម្រេចឱ្យបាននូវផែនការដែលបានគ្រោងទុក ដោយខេត្តកំពង់ចាម ដីដែលត្រូវចុះបញ្ជីសរុបទាំងអស់ គឺប្រមាណជា ៩២ ម៉ឺន ក្បាលដី ។ ប៉ុន្តែរហូតមកដល់ពេលនេះ មន្ត្រីជំនាញ ធ្វើការងារសម្រេចបានប្រហែលជា ៨១ ម៉ឺន ក្បាលដី ដូច្នេះនៅសល់ប្រមាណជា ១១ ម៉ឺនក្បាលដីទៀតប៉ុណ្ណោះ ដែលមន្ត្រីយើង ត្រូវខិតខំធ្វើការងារនេះ ឲ្យបានរួចរាល់នៅពាក់កណ្ដាលឆ្នាំ ២០២៤ ។
ទន្ទឹមនឹងការពន្លឿនកិច្ចការ ចុះបញ្ជីដីធ្លីមានលក្ខណៈប្រជាប្រព័ន្ធ នេះ លោកអភិបាលខេត្ត បានណែនាំឲ្យអាជ្ញាធរដែនដីជួយសម្រួលពន្លឿន ក្នុងការធ្វើឯកសារពាក់ព័ន្ធផ្សេងៗ ជូនប្រជាពលរដ្ឋ ។ ចំពោះបងប្អូនប្រជាពលរដ្ឋ ក៏សូមជួយផ្សព្វផ្សាយបន្ថែម ក្នុងការរៀបចំឯកសារឲ្យបានគ្រប់គ្រាន់ និងការកំណត់ព្រំដីឲ្យបានច្បាស់លាស់ ងាយស្រួលឱ្យមន្ត្រីរបស់យើង ចុះទៅវាស់វែងបានរហ័សផងដែរ ៕