ភ្នំពេញ ៖ លោក ហាវ ធិន នាយកវិទ្យាស្ថាន ពហុបច្ចេកទេសខេត្តកំពង់ចាម បានធ្វើបទសម្ភាសន៍មួយអំពី កម្មវិធីបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈនិង បច្ចេកទេស ដែលជ្រោមជ្រែង ដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្នុងគោលបំណងជួយសម្រួល និស្សិតមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ និងផ្តល់ជំនាញជាក់លាក់មួយដល់យុវជន ដើម្បីជាយានចូលប្រលូកក្នុងទីផ្សារការងារ។
លោក ហាវ ធិន បានលើកឡើងថា ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ទៅដល់យុវជនជាយុទ្ធសាស្រ្ត ដ៏មានសក្តានុពលមួយ របស់រាជរដ្ឋាភិបាលនៃកម្ពុជា ដើម្បីជម្រុញឱ្យយុវជន មានជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួនសម្រាប់ជីវិត ក្នុងការស្វែងរកការងារសមរម្យ លើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចប្រទេសជាតិ ។
លោក ហាវ ធិន មានប្រសាសន៍ថា «យុវជនមានឱកាសល្អណាស់ ក្នុងការចាប់យកជំនាញជាក់លាក់ ដែលជាតម្រូវការទីផ្សារការងារខ្ពស់»។
ស្របទៅតាមស្ថានភាព បច្ចុប្បន្នក្នុងលំហរទីផ្សារនៅកម្ពុជា មានកំណើនខ្លាំងក្លានិងប្រគួតប្រជែងគ្នា។ ក្នុងទិដ្ឋភាពនេះ លោក តម្រូវឱ្យយុវជនទាំងអស់ ត្រូវមានជំនាញមួយក្នុងជីវិត ដែលអាចជួយជ្រោមជ្រែងជីវភាពគ្រួសារ និងសេដ្ឋកិច្ចប្រទេសជាតិ ។
លោក មានប្រសាសន៍ថា «ក្នុងមួយជីវិតយុវជនម្នាក់ ត្រូវមានជំនាញមួយ ដើម្បីប្រកបរបរចិញ្ចឹមជីវិត»។
យ៉ាងណាម៉ិញ លោក បានអំពាវនាវឱ្យយុវជនទាំងអស់ ចេះចាប់យកឱកាសមាស ឱកាសប្រាក់ ដែលរាជរដ្ឋាភិបាល បានដាក់ជាគោលនយោបាយ ដើម្បីធ្វើការបណ្តុះបណ្តាលជំនាញទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យទូទាំងប្រទេស ។
សូមបញ្ជាក់ដែរថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥ លាននាក់ ដែលប្រមុខរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ កម្មវិធីបណ្តុះបណ្តាលនេះ ដើម្បីឱ្យយុវជន មកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ អាចឆាប់មានជំនាញវិជ្ជាជីវៈ និងឆាប់មានការងារ ធ្វើសមរម្យដើម្បីលើកកម្ពស់ ជីវភាពគ្រួសារ និងប្រគួតប្រជែងក្នុងទីផ្សារការងារ ៕