ព័ត៌មានជាតិ

ប.ស.ស. បើកកិច្ចប្រជុំព្រៀង សេចក្តីប្រកាសពិន័យ រោងចក្រសហគ្រាស ដែលលាក់ ឬមិនបង់ ប.ស.ស. ឱ្យកម្មករឬបុគ្គលិក

ភ្នំពេញ ៖ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធាន ក្រុមការងារ កិច្ចការច្បាប់ នៃ ប.ស.ស. នៅថ្ងៃ​ទី៤ ខែមករានេះ បានដឹកនាំក្រុមការងារ កិច្ចការច្បាប់ នៃ ប.ស.ស. ប្រជុំពិនិត្យ និងពិភាក្សាបន្ដលើ សេចក្ដីព្រាងប្រកាស ស្តីពីបែបបទ និងនីតិវិធីក្នុងការពិន័យអន្តរការណ៍ ចំពោះបុគ្គលប្រព្រឹត្តបទល្មើស នឹងបទប្បញ្ញត្តិនៃច្បាប់ ស្តីពីរបបសន្ដិសុខសង្គម ។ ជាការពិន័យ ដែលផ្តោតលើរោងចក្រសហគ្រាសណា ដែលមិនព្រមបង់ភាគទាន ឬលាក់កម្មករនិយោជិត ដោយមិនព្រមបង់ភាគទាន ជូនកម្មករនិយោជិត។

លោកបណ្ឌិត បានសង្កត់ធ្ងន់ថា សេចក្តីប្រកាសព្រៀងនេះ មានសារសំខាន់ណាស់ ដើម្បីការពារផលប្រយោជន៍ របស់បងប្អូនកម្មករនិយោជិត និងទប់ស្កាត់ នូវភាព មិនប្រក្រតីណាមួយ របស់រោងចក្រសហគ្រាស ដែលល្មើសទៅ នឹងច្បាប់ស្ដីពីរបបសន្តិសុខ សង្គម ជាពិសេស ត្រូវសហការ ជាមួយភាគី ពាក់ព័ន្ធនានា ដើម្បីប្រមូលធាតុចូល និងពន្លឿនសេចក្ដីព្រាងប្រកាសនេះ ឱ្យបានឆាប់រហ័សពេញលេញ គ្រប់ជ្រុងជ្រោយ៕

To Top