ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹក នាំក្រុមការងារចំពោះកិច្ច ប្រជុំពិភាក្សាអំពីតម្លៃ សេវាប្រើប្រាស់ផ្លូវចេញ ចូលអាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ ក្រោយពីក្រុមអ្នករត់តាក់ស៊ី ម៉ូតូកងបី និងសាធារណជនបានស្នើអាជ្ញាថរខេត្តសៀមរាប ជួយដោះស្រាយការបង់ថ្លៃផ្លូវចូល ព្រលានយន្តហោះនេះ ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោករដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន លោករដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល លោករដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីពាក់ព័ន្ធផងដែរ។
ក្រោមការងារចង្អុលបង្ហាញ ដោយផ្ទាល់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបង្កើតក្រុមការងារ ចំពោះកិច្ចដោះស្រាយ លើតម្លៃសេវាប្រើប្រាស់ផ្លូវចេញចូលអាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញដឹកនាំ ក្រុមការងារពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រជុំដោយផ្ទាល់ ដើម្បីជជែកពិភាក្សាការងារ ដោយក្នុងនោះអង្គប្រជុំ បានសម្រេចនឹងចុះពិនិត្យស្ថានភាព អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរនាពេលខាងមុខ។
បន្ទាប់ពីការចុះពិនិត្យស្ថានភាព អាកាសយានដ្ឋានរួចរាល់ ក្រុមការងារចំពោះកិច្ចនឹងជួបជជែកជាមួយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយសមស្រប ជូនប្រជាពលរដ្ឋ។
ការបើកកិច្ចប្រជុំនេះ ក្រោយពីក្រុមអ្នកបើកបរ កង់បីបានប្រមូលផ្ដុំគ្នានៅរដ្ឋបាលខេត្តសៀមរាប ដើម្បីស្នើសុំឲ្យអាជ្ញាធរ ជួយដោះស្រាយករណីបង់ថ្លៃផ្លូវចូលព្រលានយន្តហោះ សៀមរាប-អង្គរ ដែលគ្រប់គ្រង ដោយក្រុមហ៊ុនចិន កាលពីថ្ងៃទី៣ មករា ខណៈផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាប បានបើកដំណើរការសាកល្បង ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី១៦ ខែតុលា និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ៕