ព័ត៌មានជាតិ

អ្នកវិភាគសង្គម ៖ ភាពស្និទ្ធស្នាល រវាងក្រសួងការងារ និងសហជីព គ្រប់និន្នាការ គឺជាសញ្ញាណ នៃសុខដុមនីយកម្ម លើវិស័យការងារនៅកម្ពុជា

ភ្នំពេញ ៖ ក្រុមអ្នកវិភាគ មើលឃើញថា ភាពស្និទ្ធស្នាល រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយបណ្តាសហជីពគ្រប់និន្នាការនៅក្នុងស្រុក ជាសញ្ញាណ នៃការធ្វើឱ្យមានការដោះស្រាយ បញ្ហារួមលើវិស័យការងារ កម្មករនិយោជិត ជៀសជាងវាយប្រហារគ្នា តាមរយៈរបាយការណ៍ និងសកម្មភាពនានា ដែលធ្វើឱ្យប៉ះពាល់ដោយប្រយោល និងផ្ទាល់ ដល់ភាពសុខដុមនីយកម្ម ក្នុងវិស័យការងារនៅកម្ពុជា។

ការលើកឡើងបែបនេះ បន្ទាប់ពីត្រូវបានគេមើលឃើញថា ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ តែងមានជំនួបជារើយៗ ជាមួយបណ្តាសហជីពគ្រប់ និន្នាការនៅកម្ពុជា ដើម្បីជជែក ពិភាក្សាការងារ ដាក់បញ្ហានៅលើតុ រកដំណោះស្រាយរួមមួយ។

មិនមែនលើកទី១ទេ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជួបជាមួយបណ្តាមេដឹកនាំសហជីព ។ ដូចកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ បានជួបជាមួយបណ្តាសហជីពធំៗ ដូចជា លោក អាត់ ធន់ ប្រធានសហភាព ការងារកម្ពុជា និងជាសមាជិក ក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា ប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករ កាត់ដេរកម្ពុជា (ស៊ីខៅឌូ ឬ C-CAWDU) លោក គង់ អាទិត្យ និង លោក ប៉ាវ ស៊ីណា ប្រធានសហភាពសហជីព ចលនាកម្មករកម្ពុជា និង បណ្តាសហជីពក្នុងស្រុកដទៃទៀត ។ នេះបើតាមក្រសួងការងារ ចេញផ្សាយរបាយការណ៍ របស់ខ្លួននៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ។

ប្រការនេះហើយទើប លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការខិតជិតរកគ្នា រវាងភាគីសហជីព និងរាជរដ្ឋាភិបាល គឺជាសញ្ញាណមួយល្អណាស់ ពីព្រោះគ្មានអ្វីល្អជាងការដាក់បញ្ហា នៅលើតុមូលហើយជជែករកដំណោះស្រាយនោះទេ ជាពិសេសនោះគឺភាគីទាំងពីរ មានគោលបំណងក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិតដូចគ្នា ។

លោកបណ្ឌិតបន្ថែមថា​ ៖ « ការធ្វើបែបនេះ គួរតែធ្វើបែបនេះតាំងតែពីដើម ក៏ប៉ុន្តែរឿងហួសឱ្យវាហួសទៅចុះ សំខាន់បច្ចុប្បន្នយើង គួរមានយន្តការបែបនេះ ក្នុងការដោះស្រាយបញ្ហា និងការពារសិទ្ធិជូនពលរដ្ឋកម្ពុជា ។ ការដាក់ក្បាលមេក្រូ ការប្រើវិធីហឹង្សា ការចេញរបាយការណ៍ទៅក្រៅហួសហេតុ មិនមែនជាដំណោះស្រាយល្អនោះទេ »

ដោយឡែកលោក បណ្ឌិតយ៉ង់ ពៅ បានជំរុញឱ្យទាំងសហជីព និងរដ្ឋាភិបាល ដែលសុទ្ធតែជាអ្នកការពារ ប្រយោជន៍ជូនកម្មករដូចគ្នា អាចធ្វើការជាមួយគ្នា បានដោយរលូន និងបង្កើតឱ្យមានយន្តការធ្វើការ ជាមួយគ្នាជៀសជាងការប្រើ វេទិកាផ្សេងៗ ក្នុងការវាយប្រហារគ្នា ដែលសុទ្ធតែជះឥទ្ធិពល និងលទ្ធផលមិនល្អ ដល់វិស័យការងារនិយាយដាច់ដោយឡែក និងសង្គមជាតិនិយាយជារួម ។

ដោយឡែក លោក បណ្ឌិត ឆេង គឹមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ថាការខិតជិតរកគ្នារវាងសហជីពជាមួយរាជរដ្ឋាភិបាលនេះគឺជារឿងមួយល្អសម្រាប់និរន្តរភាពវិស័យការងារនៅកម្ពុជា ដែលសហជីព និងរាជរដ្ឋាភិបាលតែងមានភាពចម្រូងចម្រាស់រវាងគ្នា និងគ្នានាពេលកន្លងមក។

លោកបណ្ឌិតបន្ថែមថា ការធ្វើបែបនេះ ជារឿងត្រឹមត្រូវ និងមានយន្តការដោះស្រាយបញ្ហារួម ជៀសជាងធ្វើសកម្មភាពប្រឆាំងគ្នា ដែលនាំឱ្យខូចខាត ប្រយោជន៍ជាតិជារួម ជាពិសេសប៉ះពាល់ដល់កម្មករ កម្មការិនី ដែលកំពុងបម្រើការងារ នៅតាមបណ្តារោងចក្រ ឧស្សាហកម្ម ដែលការងារនេះ ជាចំណូលបង្គោល សម្រាប់គ្រួសាររបស់ពួកគេ ។

លោកបណ្ឌិតបានថ្លែងថា៖ « ជាពិសេសនៅ ក្នុងស្ថានការសេដ្ឋកិច្ច កំពុងមានបញ្ហាដូចពេលបច្ចុប្បន្ននេះ ការចេញរបាយការណ៍ របស់ (សហជីព) ទៅខាងក្រៅ ត្រូវមានការប្រយ័ត្នប្រយែង ដែលអាចធ្វើឱ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចជាតិ និងអ្នកវិនិយោគ។ ក្នុងន័យនេះគឺជាតិរបស់យើងខូចខាត ហើយយើងខាតទាំងអស់គ្នា»។

ការលើកឡើងដូចនេះ ដោយសារលោកបណ្ឌិត បានមើលឃើញថា សហជីពមួយចំនួននៅកម្ពុជា តែងតែធ្វើរបាយការណ៍រិះគន់ ពីស្ថានភាពកម្មករ នៅកម្ពុជា ដែលមិនឆ្លុះបញ្ចាំង ពីស្ថានភាពពិតប្រាកដ ។ បើតាមលោកបណ្ឌិត សហជីពគួរតែអនុវត្តស្មារតី ស្តីពីច្បាប់សហជីព ដែលបានចែងឱ្យសហជីពជំរុញឱ្យមានសុខដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងរួមចំណែកក្នុងការអភិវឌ្ឍការងារសមរម្យ បង្កើនផលិតភាព និងការវិនិយោគ បន្ថែមលើកិច្ចការពារសិទ្ធិកម្មករ ។

លោកបញ្ជាក់ថា៖ «…បើមិនប្រយ័ត្នប្រយែងនោះទេ នោះគឺវាយឆ្នាំងបាយ ធំហើយ ប៉ះពាល់ការវិនិយោគ ។ ក្នុងលក្ខខណ្ឌនេះបណ្តាប្រទេសខាង ក្រៅគេមានសណ្តាប់ធ្នាប់ជាងយើង នោះអ្នករកស៊ីគេរត់ទៅបណ្តាប្រទេសទាំងនោះហើយ ពីព្រោះប្រទេសទាំងនោះគេមានស្ថានភាព លើការគ្រប់គ្រងកម្មករហើយគេមានសុវត្ថិភាពជាង»

ដោយឡែកលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងក្នុងជំនួបរវាង សហភាព និងសហព័ន្ធសហជីពចំនូន ២០៥នៅទូទាំងប្រទេស កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ថា សហជីព គឺជាដៃគូមិនអាចខ្វះ បានរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិនិង ការពារអត្ថប្រយោជន៍របស់កម្មករ និយោជិត ហើយតម្រូវឱ្យ សហជីពទាំងអស់ ត្រូវពង្រឹងគុណវុឌ្ឍសមត្ថភាព ដើម្បីចូលរួមកសាងបរិយកាស អាជីវកម្មមួយ ដែលមានភាពសុខដុម និងប្រកបដោយភាពទាក់ទាញ ក្នុងការរក្សាប្រយោជន៍ ជូនដល់កម្មករនិយោជិតឱ្យបានយូរអង្វែង៕

To Top