ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ វាយតម្លៃខ្ពស់ចំពោះកិច្ចសហការជាមួយភាគីថៃក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស

ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថៃប្រចាំកម្ពុជា បានសម្ដែងនូវសេចក្ដីសង្ឃឹមដូចគ្នាថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ នឹងបន្តរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ ជាពិសេសការពង្រឹងការអនុវត្តច្បាប់ ផ្លាស់ប្ដូរការងារពិភាក្សាពិគ្រោះយោបល់ ដើម្បីបុព្វហេតុលើបញ្ហាសន្តិសុខតាមព្រំដែន និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ។

សាររួមគ្នាជាវិជ្ជមាននេះ បានបង្ហាញនាថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤ នាឱកាសដែល លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូន លោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។

លោក ស សុខា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការជាមួយភាគីថៃក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស ការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មាន កិច្ចសហការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងការជួយគ្នាទៅវិញទៅមកក្នុងការដោះស្រាយបាតុភាពអសកម្មផ្សេងៗ ដែលកើតមានឡើងនៅតាមព្រំដែន។

លោក កត់សម្គាល់ថា វត្តមានរបស់ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ជាបេសកកម្មដ៏មានសារសំខាន់រួមចំណែក ដើម្បីពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យសំខាន់ៗ ជាអាទិ៍ សេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម ទេសចរណ៍ ការពារជាតិ និងសន្តិសុខ។
លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកអគ្គរាជទូត ដែលតែងតែយកចិត្ដទុកដាក់ជំរុញកិច្ចសហការដ៏ល្អ និងដើរតួរនាទីយ៉ាងសកម្ម នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្ដម។

លោកឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថៃ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ៕

To Top