ព័ត៌មានជាតិ

អាជ្ញាធរ នឹងបញ្ចៀសចរាចរ ជុំវិញកោះពេជ្រ នាថ្ងៃប្រារព្ធពិធីមីទ្ទិញអបអរ ទិវាជ័យជម្នះ ៧មករា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៦ព្រឹក នឹងមានការរៀបចំប្រារព្ធធ្វើពិធីមីទ្ទិញអបអរសាទរ ខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដូច្នេះសមត្ថកិច្ចនឹងធ្វើការបង្វែរទិសចរាចរ នៅតាមគោលដៅសំខាន់ៗមួយចំនួន ជុំវិញទីតាំងប្រារព្ធពិធី ។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៦:៣០នាទី នឹងមានការរៀបចំ ប្រារព្ធធ្វើពិធីមីទ្ទិញអបអរសាទរ ខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា (០៧.០១.១៩៧៩-០៧.០១.២០២៤) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

ក្នុងថ្ងៃពិធីខាងលើនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ និងតំបន់ជុំវិញអាចមានចរាចរមមាញឹកខ្លាំង ដោយសារមធ្យោយបាយធ្វើដំណើរ របស់ប្រជាពលរដ្ឋប្រមាណជាង ២០,០០០នាក់ ដែលអញ្ជើញចូលរួម។ ដូច្នេះដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបញ្ចៀសបាននូវការ កកស្ទះចរាចរ កម្លាំងមានសមត្ថកិច្ចនឹងធ្វើការបង្វែរទិសចរាចរ នៅតាមគោលដៅសំខាន់ៗមួយចំនួនជុំវិញ ទីតាំងប្រារព្ធពិធី។

ដោយឡែកចំពោះការផ្តល់សេវាចម្លង នៅកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ត្រូវបានប្តូរជា បណ្ដោះអាសន្នទៅកំពង់ចម្លងជ្រោយចង្វារ-អរិយក្សត្រ នៅវេលាព្រឹកនាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ចាប់ពី វេលាម៉ោង ០៥:០០នាទី រហូតដល់ចប់កម្មវិធី ប្រហែលវេលាម៉ោង ១០:០០នាទី។ ក្រោយចប់កម្មវិធីខាងលើ ការផ្តល់សេវាចម្លងនៅកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ត្រូវបានដំណើរការដូចប្រក្រតីឡើងវិញ៕

To Top