ព័ត៌មានជាតិ

រាជរដ្ឋាភិបាល សម្រេចបង្កើតសហគ្រាស គ្រប់គ្រងសំរាម​ ជំនួស​រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ មករា ឆ្នាំ២០២៤ បានសម្រេចធ្វើការផ្លាស់ប្តូរ ការគ្រប់គ្រងសំរាម ពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ ហៅកាត់ (ស.ស.ភ.) វិញ។

យោងតាមសេចក្តីជូនដំណឹង ស្តីពីការផ្លាស់ប្ដូរ ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ពីរដ្ឋាករស្វយ័តគ្រប់គងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ (ស.ស.ភ.) វិញ របស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រាជរដ្ឋាភិបាល បានសម្រេចបង្កើត “សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ” សរសេរជាអក្សរកាត់ (ស.ស.ភ.) និងមានឈ្មោះជាភាសាអង់គ្លេសថា “ENTERPRISE FOR MANAGING MUNICIPAL SOLID WASTE IN PHNOM PENH” សរសេរជាអក្សរកាត់ (EWP) តាមរយៈអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ដើម្បីជំនួសរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ។

សហគ្រាស ស.ស.ភ. ត្រូវបានកំណត់ជាសហគ្រាសសាធារណៈ ក្រោមទម្រង់ជាក្រុមហ៊ុនរដ្ឋ ដែលមានឧបនិស្ស័យ ជាសហគ្រាសពាណិជ្ជកម្ម មានស្វ័យភាពបរិបូរណ៍ក្នុងការដឹកនាំ និងគ្រប់គ្រងប្រតិបត្តិការរបស់ខ្លួន។

សហគ្រាស ស.ស.ភ. មានបេសកកម្មគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅរាជធានីភ្នំពេញ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងគោលនយោបាយរបស់ រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រកបដោយសោភណភាព ចីរភាព ប្រសិទ្ធភាព គុណភាព និងសុខុមាលភាព។

ចាប់ពីពេលនេះតទៅ សហគ្រាស ស.ស.ភ. ចាប់ផ្តើមដំណើរការប្រតិបត្តិការ ការងាររបស់ខ្លួនពេញលេញ។ ដូច្នេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចធ្វើការផ្លាស់ប្តូរការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ (ស.ស.ភ.) វិញ៕

To Top