ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា មូលធនមនុស្ស គឺជាអាទិភាពគន្លឹះទី១ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការជំរុញសេដ្ឋកិច្ច ឱ្យសម្រេចបាននូវគោលដៅរបស់កម្ពុជានៅឆ្នាំ២០៣០ និងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
តាមរយៈបណ្ដាញសង្គម នាថ្ងៃទី៦ មករា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ផ្តោតលើចក្ខុវិស័យវែងឆ្ងាយ ដ៏សំខាន់នេះ សម្តេចធិបតី បានប្រកាសដាក់ឱ្យអនុវត្ត “កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយ រងហានិភ័យ” នាថ្ងៃទី១៤ វិច្ឆិកា ២០២៣ សម្រាប់យុវជនចំនួន ១លាន ៥សែននាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីទទួលបាននូវចំណេះជំនាញច្បាស់លាស់ និងក្លាយជាផ្នែកមួយ ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ដោយមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាសេនាធិការ ក្នុងការបណ្តុះបណ្តាលលើមុខជំនាញចំនួន១០ ក្នុងការសិក្សា។
សូមបញ្ជាក់ថា បច្ចុប្បន្នភាពត្រឹមថ្ងៃទី៤ មករា ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលនូវអ្នកចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ តាមរយៈកម្មវិធី “TVET 1,5M” សរុបចំនួន ២០ ៣៩៣នាក់ (ស្រីចំនួន ៧ ០០៧នាក់) តាមបណ្តារាជធានី-ខេត្ត ។
កាលពីថ្ងៃទី២ វិច្ឆិកា ២០២៣ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានមានអនុសាសន៍ក្នុងការពង្រឹងនូវគុណភាពបណ្តុះបណ្តាល ក៏ដូចជាលើកទឹកចិត្តដល់យុវជនក្នុងការសិក្សា និងបញ្ចប់ការសិក្សាប្រកបដោយគុណភាព និងជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីអាចបម្រើដល់សេចក្តីត្រូវការនៃទីផ្សារការងារ ដោយកំណត់នូវគោលការណ៍ “ឱ្យចេះ ឱ្យចប់ ឱ្យមានការងារ” ដែលនេះជាការយកចិត្តទុកដាក់ខ្ពស់ និងជាកិច្ចការអាទិភាពបំផុត នៃរាជរដ្ឋាភិបាល ក្នុងការកសាងនូ វធនធានមនុស្សសម្រាប់ជំរុញ ដល់សេដ្ឋកិច្ចជាតិ៕