ព័ត៌មានជាតិ

នាយកវិទ្យាស្ថាន ពហុបច្ចេកទេសព្រះកុសុមៈ ណែនាំឱ្យយុវជនក្រីក្រ ចាប់យកជំនាញមួយ យ៉ាងតិច ក្នុងជីវិត ដើម្បីជីវភាព ប្រសើរ

ភ្នំពេញ៖ លោក តាំង យឿន នាយកវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បាន​បញ្ជាក់ពីការត្រៀមបណ្តុះបណ្តាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យចំនួន ៨២៨នាក់ ជាមួយជំនាញចំនួន១៤ ក្នុងការជំរុញឱ្យពួកគេមានជំនាញជាក់លាក់មួយយ៉ាងតិច ដើម្បីសម្រួលជីវភាពគ្រួសារកាន់តែប្រសើរឡើង នៅក្នុងទីផ្សារប្រកួតប្រជែងបច្ចុប្បន្ន។

នៅក្នុងទីផ្សារការងារដែលមានការប្រកួតប្រជែងនាពេលបច្ចុប្បន្ននេះ ការមានជំនាញត្រឹមត្រូវគឺចាំបាច់សម្រាប់ធ្វើឱ្យជីវិតប្រសើរឡើង។ ដោយឡែកជំនាញនីមួយៗ ដែលវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈបណ្តុះបណ្តាលនេះ ស្ថិតក្នុងវិស័យសំខាន់ៗ មានតម្រូវការទីផ្សារការងារខ្ពស់ ដែលធ្វើឱ្យសិស្សងាយស្រួលរកការងារធ្វើ និងទទួលបានប្រាក់ចំណូលសមរម្យ។ បន្ថែមពីនេះ ជំនាញ បានអភិវឌ្ឍន៍ពីការប្រើប្រាស់កម្លាំងពលកម្ម ជំនួសមកវិញដោយធនធានប្រើប្រាស់ដោយជំនាញ។

លោក តាំង យឿន មានប្រសាសន៍ថា «ជំនាញនេះមានលក្ខណៈបត់បែន សិក្សារយៈពេលខ្លី ងាយស្រួលរកការងារធ្វើ និងទទួលបានប្រាក់ខែខ្ពស់ ដើម្បីជីវភាពគ្រួសារខ្លួន ម្យ៉ាងទៀតយុវជនម្នាក់ត្រូវមានជំនាញយ៉ាងតិចមួយក្នុងជីវិត»។

ម្យ៉ាងវិញទៀត វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានបន្ថែមគ្រូបច្ចេកទេស មានបទពិសោធន៍ច្រើនឆ្នាំ ឧបករណ៍ប្រើប្រាស់ទំនើបៗ និងដៃគូសហការពីបណ្តាក្រុមហ៊ុនឯកជន បង្កើនភាពងាយស្រួលសម្រាប់និស្សិតចុះហាត់ការនិងរកការងារធ្វើ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១លាន ៥សែននាក់ ដែលមានរយៈពេល ៤ខែ សិក្សាដោយឥតគិតថ្លៃ។ ចំណែក យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល រហូតដល់បញ្ចប់ការសិក្សា៕

To Top