ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា ចូលរួមកិច្ចប្រជុំតាមការអញ្ជើញរបស់គណៈកម្មការទី៨ រដ្ឋសភា

ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃ៦ មករា នេះ បានដឹកនាំប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំតាមការអញ្ជើញរបស់គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដែលដឹកនាំដោយ លោកស្រីឡោក ខេង ប្រធានគណៈកម្មការទី៨ ដោយមានការអញ្ជើញចូលរួមពីតំណាងគណៈកម្មការនានាទាំង៩ នៃរដ្ឋសភាដែលប្រព្រឹត្តទៅនៅសាលសន្និសីទបាយ័ន វិមានរដ្ឋសភា។

កិច្ចប្រជុំមានគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រឈម ជាពិសេសនៅមូលដ្ឋានសុខាភិបាល ថ្នាក់ក្រោមជាតិ។ ប្រធានគណៈកម្មការទី៨ បានសំដែងនូវការកោតសរសើរដល់ការខិតខំរបស់ក្រសួងសុខាភិបាល បន្ទាប់ពីបានតាមដានដោយយកចិតទុកដាក់នូវសកម្មរបស់សាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល ចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា រហូតមកដល់បច្ចុប្បន្ន។

បន្ទាប់ពីបានស្តាប់របាយការណ៍ និងការបង្ហាញរបស់ សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលរួចមក គណៈកម្មការទី៨ បានឯកភាពលើវិធានការគន្លឹះនានា និងផែនការអាទិភាពដែលត្រូវបន្តអនុវត្ត ជាពិសេសការអប់រំសុខភាពនៅក្នុងសហគមន៍ និងការពង្រីកសេវាព្យាបាលជំងឺមិនឆ្លង នៅតាមមណ្ឌលសុខភាពទូទាំងប្រទេស។

ជាមួយគ្នានេះ គណៈកម្មការទី៨ ក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយក្រសួងសុខាភិបាល ដើម្បីជំរុញ និងគាំទ្រលើផែនការសកម្មភាព ក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលដែលជាកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះ ប្រធាន និងសមាជិក សមាជិកានៃគណៈកម្មការទី៨ នៃរដ្ឋសភាដែល បានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាល បន្តប្រឹងប្រែងដោះស្រាយនូវបញ្ហាប្រឈមនានា ពាក់ព័ន្ធជាមួយនឹងសុខភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ឱ្យកាន់តែមានភាពប្រសើរឡើង៕

To Top