ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ដាំផ្ញើទៅដល់អ្នកប្រឆាំងនឹងការឈប់សម្រាក ថ្ងៃ៧ មករា និងថ្ងៃ២៩ ធ្នូ ឱ្យទៅសាកល្បងគ្រោះថ្នាក់នៅចំការមីនដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា ។
នាឱកាសអញ្ជើញប្រារព្ធពិធីអបអរសាទរខួប៤៥ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ជោគជ័យ និងការសប្បាយរីករាយរបស់ប្រជាជនកម្ពុជានៅថ្ងៃនេះ គឺពិតជាផ្តើមចេញពីជ័យជម្នះ ៧មករា បើគ្មានជ័យជម្នះ៧មករា យើងពិតជាមិនអាចមានអ្វីៗដូចថ្ងៃនេះឡើយ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ។ ស្មារតី៧មករា ចារឹកជាប់ក្នុងមនសិការរបស់ប្រជាពលរដ្ឋ កម្ពុជាគ្រប់រូប និងបានប្រែក្លាយទៅជាកម្លាំង មហាសាមគ្គីជាតិដើម្បីកសាង និងការពារមាតុភូមិប្រកបដោយវីរភាព ដែលធ្វើឱ្យប្រជាជាតិយើងបានឈានឡើង ពីជ័យជម្នះមួយទៅកាន់ជ័យជម្នះមួយទៀតឥតឈប់ឈរ។
សម្ដេចតេជោ បន្ដថា សន្តិភាពមានតម្លៃជាទីបំផុត ការបំផ្លាញសន្តិភាពមិនពិបាកទេ តែការបង្កើតសន្តិភាព គឺពិបាកណាស់ ពុំនោះសោតរាប់តំណមនុស្សក៏ពុំអាចបង្កើតសន្តិភាពបានដែរ។ អាស្រ័យហេតុនេះយើងត្រូវសាមគ្គីគ្នា រួមចិត្ដតែមួយដើម្បីថែរក្សាសន្តិភាពដែលរកបានមកដោយ លំបាកបំផុតនេះឱ្យគង់វង្សឋិតថេរ មិនឱ្យអានុភាពណាមកបំផ្លាញបានឡើយ ទោះបីត្រូវបង់ដោយតម្លៃណាក្ដី។
សម្ដេចតេជោ បន្ថែមថា គណបក្សប្រជាជនកម្ពុជា បានគាំទ្រចំពោះសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំជា ទិវាសន្ដិភាព ដែលជាថ្ងៃបុណ្យផ្លូវការមួយ នៅកម្ពុជា និងជាថ្ងៃឈប់សម្រាកជាសាធារណៈ។
សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំ ក៏សូមផ្ដាំផ្ញើទៅកាន់មនុស្សមួយចំនួន បើអស់លោកអ្នក មិនពេញចិត្តជាមួយនឹងការឈប់សម្រាក ថ្ងៃ ៧ មករា និងមិនពេញចិត្តការឈប់សម្រាក នៅថ្ងៃទី២៩ ខែធ្នូ នោះទេ សូមអស់លោកអ្នក ធ្វើដំណើរទៅកាន់ចំការមីន ដែលនៅសេសសល់ ដើម្បីសាកល្បងជាមួយនឹងគ្រោះថ្នាក់ ដែលពួកអ្នកគួរតែប្រថុយ ប្រសិនបើអ្នកពិតជាជើងឯក នៃការប្រឆាំង ៧ មករា និងការប្រឆាំងជាមួយសន្ដិភាព សូមអស់លោកអ្នក សាកល្បងដោយខ្លួនឯង នៅចំការដែលនៅសេសសល់មិនទាន់អស់»៕