ភ្នំពេញ៖ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី៤៥ នៃទិវាជ័យជំនះ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៤)សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ឆ្លងកាត់រយៈពេល ៤៥ឆ្នាំមកនេះ ប្រជាជនបានឃើញច្បាស់ ហើយនូវសារជាតិ និងសមត្ថភាព របស់គណបក្សប្រជាជនកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា «គណបក្សប្រជាជនកម្ពុជា គឺជាតំណាងនៃផលប្រយោជន៍ ដ៏បរិសុទ្ធរបស់ប្រជាជនទាំងមូល គណបក្ស បានផ្សាភ្ជាប់ រួមសុខរួមទុក្ខ ជានិច្ចជាមួយប្រជាជន បានដឹកនាំប្រជាជនពុះពារឆ្លងកាត់ រាល់ឧបសគ្គ និងការ លំបាកទាំងឡាយប្រកបដោយជោគជ័យ។ ប្រាកដណាស់បំណងប្រាថ្នា របស់យើងនៅពុំទាន់សម្រេចបាន ទាំងស្រុងឡើយ យើងត្រូវបន្តធ្វើដំណើរវែងឆ្ងាយទៀត ដើម្បីកសាងមាតុភូមិជាទីស្រឡាញ់ នៃយើងឱ្យក្លាយជាប្រទេសមួយដ៏ជឿនលឿន ជាសង្គមប្រកបដោយអរិយធម៌ និងសេចក្តីស្រឡាញ់ ដែលគ្មានការកើតមានជាថ្មី ទៀតនូវការបែកបាក់ជាតិ សង្គ្រាម និងអំពើប្រល័យពូជសាសន៍ ដូចពីអតីតកាល។ ប៉ុន្តែពេលវេលាបានសាក ល្បងឆន្ទៈ និងសមត្ថភាពយើងរួចហើយ យើងពិតជានឹងអាចសម្រេចបាននូវគោលបំណងដ៏ឧត្តុង្គឧត្តមនេះ ឱ្យតែយើងរក្សាបាននូវសាមគ្គីភាពជាតិដ៏រឹងមាំ មានការប្ដេជ្ញាចិត្តក្នុងភាពជាម្ចាស់ និងមានមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ»។
សម្ដេចតេជោ សង្កត់ធ្ងន់ថា« ក្នុងស្មារតីនេះយើងមានការជឿជាក់ចំពោះជួរយុវជនដ៏ច្រើនកុះកររបស់យើងដែលកំពុងមានការរីកចម្រើន ទាំងខាងចំណេះដឹង សីលធម៌ និងកាយសម្បទា ហើយកំពុងបំពេញកិច្ចរបស់ខ្លួន យ៉ាងស្វាហាប់ប្រកបដោយ មនសិការស្នេហាជាតិដ៏ជ្រាលជ្រៅ ក្នុងនាមជាអ្នកបន្តវេន ក្ដាប់ជោគវាសនា អនាគតរបស់ជាតិ»៕