ភ្នំពេញ៖លោក កែម ជាក់នី នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១លាន ៥សែននាក់ ជាកម្មវិធីអាទិភាពបំផុតរបស់រាជរដ្ឋាភិបាលក្នុងការកសាងនូវធនធានមនុស្ស ដែលជាគន្លឹះជំរុញដល់សេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។

លោក កែម ជាក់នី ជឿជាក់ថា តាមរយៈការបណ្តុះបណ្តាលជំនាញដល់យុវជនជាយុទ្ធសាស្រ្តគន្លឹះអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលធ្វើឱ្យមានរីកចម្រើនគ្រប់វិស័យ និងឆាប់រហ័ស។ ម្យ៉ាងវិញទៀត ជំនាញទាំងនោះអាចប្រកួតប្រជែងក្នុងទីផ្សារសកល បង្កើនលទ្ធភាពការងារ និងសក្តានុពលរកប្រាក់ចំណូលនៅទូទាំងឧស្សាហកម្មផ្សេងៗទៀតផង។

លោក បន្ថែមថា «ការដាក់ចេញវគ្គបណ្តុះបណ្តាលមូលធនមនុស្ស ជាយុទ្ធសាស្រ្តសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា ព្រោះយកទៅអភិវឌ្ឍសេដ្ឋកិច្ចជាតិបានឆាប់រហ័ស និងប្រសើរជាងអ្វីៗទាំងអស់ កាលណាមនុស្សចេះដឹង មានជំនាញ នោះប្រទេសរបស់យើងអ្វីៗក៏អាចអភិវឌ្ឍបានដែរ»។

លោក បន្ថែមទៀតថា ស្របតាមយុទ្ធសាស្រ្តបណ្តុះបណ្តាលជំនាញដល់យុវជនរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល លោកជឿជាក់ថា កម្ពុជានឹងបានសម្រេចគោលដៅអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងពិតប្រាដក។

គូសបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានអនុសាសន៍ លើកទឹកចិត្តដល់យុវជនឱ្យប្រឹងប្រែងសិក្សា និងបញ្ចប់ការសិក្សាប្រកបដោយគុណភាព និងជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីអាចបម្រើដល់សេចក្តីត្រូវការនៃទីផ្សារការងារ។ នេះជាការយកចិត្តទុកដាក់ខ្ពស់ និងជាកិច្ចការអាទិភាពបំផុតនៃរាជរដ្ឋាភិបាល ក្នុងការកសាងនូវធនធានមនុស្ស សម្រាប់ជំរុញដល់សេដ្ឋកិច្ចជាតិ៕

