ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា កំពុងឈានទៅមុខតាមមាគ៌ាត្រឹមត្រូវ ឆ្លើយតបនឹងបំណងប្រាថ្នា របស់ប្រជាជន

រូបភាព៖ AKP

ភ្នំពេញ ៖ថ្លែងចំពោះមុខប្រជាពលរដ្ឋជាង ២ម៉ឺននាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា កម្ពុជាកំពុងឈានទៅមុខ តាមមាគ៌ាមួយ ដ៏ត្រឹមត្រូវ ឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាជន និងស្របជាមួយនឹងសភាពការណ៍ ជាក់ស្តែងទាំងក្នុង និងក្រៅប្រទេស។

ក្នុងពិធីអបអរសាទរខួប៤៥ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «តាមរយៈបណ្តាសមិទ្ធផលជាប្រវត្តិសាស្ត្រដែលយើងសម្រេចបានទាំងអស់នេះ បានបង្ហាញច្បាស់ថា កម្ពុជាបាននិងកំពុងឈានទៅមុខតាមមាគ៌ាមួយដ៏ត្រឹមត្រូវ ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជន និងស្របជាមួយនឹងសភាពការណ៍ជាក់ស្តែងទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស»។

សម្ដេចតេជោ បន្ដថា ព្រមជាមួយនោះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់នូវការចូលរួមរបស់ប្រជាជនកម្ពុជាគ្រប់ស្រទាប់ គ្រប់ជនជាតិ និងគ្រប់ជំនឿសាសនា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន កម្មករ កសិករ អាជីវករ ព្រះសង្ឃ បព្វជិតនៃសាសនានានា បញ្ញវន្ត វិនិយោគិន និងមជ្ឈដ្ឋានចម្រើនជឿនលឿនទាំងឡាយក្នុងសង្គម ប្រកបដោយមនសិការស្នេហាជាតិយ៉ាង ជ្រាលជ្រៅ ដើម្បីឧត្តមប្រយោជន៍នៃប្រទេសជាតិ។

សម្ដេចតេជោ បន្ថែមថា ជោគជ័យ និងការសប្បាយរីករាយរបស់ប្រជាជនកម្ពុជា នៅថ្ងៃនេះ គឺពិតជាផ្ដើមចេញពីជ័យជម្នះ ៧មករា បើគ្មានជ័យជម្នះ៧មករា យើងពិតជាមិនអាចមានអ្វីៗដូចថ្ងៃនេះឡើយ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ។ ស្មារតី ៧មករា ចារិកជាប់ក្នុងមនសិការរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងបានប្រែក្លាយទៅជាកម្លាំងមហាសាមគ្គីជាតិ ដើម្បីកសាង និងការពារមាតុភូមិប្រកបដោយវីរភាព ដែលធ្វើឱ្យប្រជាជាតិយើងបានឈានឡើងពីជ័យជម្នះមួយទៅកាន់ជ័យជម្នះមួយទៀតឥតឈប់ឈរ។

សម្ដេច ប្រធាន បានលើកឡើងទៀតថា ស្មារតី៧ មករា មានគុណតម្លៃធំធេងជាអមតៈ សម្រាប់ប្រជាជន ក្នុងការបន្តដំណើរទៅមុខទៀត ដើម្បីកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ព្រមជាមួយនោះ ប្រជាជនទាំងអស់គ្នាក៏ត្រូវយល់ឱ្យបានច្បាស់ថា បើគ្មានសន្តិភាពក៏មិនអាចមានការអភិវឌ្ឍ និងមានអ្វីៗដូចថ្ងៃនេះដែរ។ សន្តិភាពមានតម្លៃជាទីបំផុត ការបំផ្លាញ សន្តិភាពមិនពិបាកទេ តែការបង្កើតសន្តិភាព គឺពិបាកណាស់ ពុំនោះសោតរាប់តំណមនុស្សក៏ពុំអាចបង្កើតសន្តិភាព បានដែរ។ សម្ដេច ថា «អាស្រ័យហេតុនេះ យើងត្រូវសាមគ្គីគ្នារួមចិត្តតែមួយដើម្បីថែរក្សាសន្តិភាពដែលរកបានមកដោយ លំបាកបំផុតនេះឱ្យគង់វង្សឋិតថេរ មិនឱ្យអានុភាពណាមកបំផ្លាញបានឡើយ ទោះបីត្រូវបង់ដោយតម្លៃណាក្តី»៕

To Top