ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនអាចបំភ្លេចបាន នូវមហាសោកនាដកម្ម ដែលកើតឡើង តាមខ្សែញាក់របស់បរទេស

" "

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថា ទោះបីពេលវេលា បានកន្លងផុតទៅរាប់សិបឆ្នាំ ក៏កម្ពុជាមិនអាចបំភ្លេចបាននូវមហាសោកនាដកម្ម និងគ្រោះមហន្តរាយ ដែលកើតឡើងតាមខ្សែញាក់របស់បរទេស ។

ថ្លែងចេញពីពិធីរំឭកខួបលើកទី ៤៥ នៃទិវាជ័យជម្នះ ៧ មករា នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ទោះបីពេលវេលាបានកន្លងផុតទៅរាប់សិបឆ្នាំហើយក៏យើងទាំងអស់គា្ននៅតែចងចាំជានិច្ចមិនអាច បំភ្លេចបានឡើយនូវមហាសោកនាដកម្ម និងគ្រោះមហន្តរាយដែលប្រជាជាតិយើងបានជួបប្រទះពី ឆ្នាំ ១៩៧០ ដល់ ឆ្នាំ ១៩៧៨។ គួររំឭកថារដ្ឋប្រហារ ថ្ងៃ ១៨ មីនា ឆ្នាំ ១៩៧០ របស់ពួក លន់ នល់ តាមខ្សែញាក់របស់បរទេស បានបំផ្លាញសន្តិភាពនៅកម្ពុជា ធ្វើឱ្យប្រទេសជាតិត្រូវធ្លាក់ក្នុងភ្លើងសង្គ្រាមយ៉ាងសន្ធោរសន្ធៅបំផុត ដែលបាន បំផ្លាញខឿនសេដ្ឋកិច្ច សង្គម ឱ្យវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរ និងបានសម្លាប់ប្រជាជនកម្ពុជាអស់ជិត ១លាននាក់»។

" "

សម្ដេចតេជោ បន្ថែមថា ជាមួយនឹងការដួលរំលំ នៃរបបសាធារណរដ្ឋខ្មែររបស់ពួក លន់ នល់ នាថ្ងៃ ១៧ ខែ មេសា ឆ្នាំ១៩៧៥ ប្រជាជន កម្ពុជាសង្ឃឹមថានឹងបានរស់នៅក្នុង ឯករាជ្យ សន្តិភាព សេរីភាព ហើយរួមគ្នាកសាងទឹកដីឡើងវិញ ប៉ុន្តែក្តីសង្ឃឹមនេះត្រូវរលាយសូន្យតែមួយប៉ព្រិចភ្នែក អាស្រ័យដោយពួក ប៉ុល ពត ដែលដណ្ដើមបានអំណាចទាំងស្រុង បានអនុវត្តនយោបាយប្រល័យពូជសាសន៍ ដ៏ឃោរឃៅបំផុត ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាក៏ ដូចប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។

" "

សម្ដេចបន្តថា ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ របស់ពួក ប៉ុល ពត កម្ពុជា ត្រូវបានក្លាយជាគុកឥតជញ្ជាំង និងជាវាលពិឃាត ដែលក្រាលជោកជាំដោយឈាម និងទឹកភ្នែករបស់ប្រជាជន។ រចនាសម្ព័ន្ធសង្គមជាតិ ដែលទទួលរងវិនាសកម្មធ្ងន់ធ្ងរដោយសារសង្គ្រាម៥ឆ្នាំ រួចមកហើយនោះ ត្រូវបំផ្លាញឱ្យ រលាយខ្ទេចខ្ទីដល់ឫសគល់ សិទ្ធិសេរីភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រជាជនត្រូវបានបំបាត់ចោល ទាំងស្រុង ប្រជាជនក្លាយជាទាសករ ទទួលរងទារុណកម្មយ៉ាងធ្ងន់ធ្ងរ និងត្រូវកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុត។ ក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ប្រជាជនជាង៣លាននាក់ ត្រូវសម្លាប់យ៉ាងអយុត្តិធម៌បំផុត៕

To Top