ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា កីឡាគឺជាស្ពានការទូត ជាមិត្តភាពគ្មានព្រំដែន កីឡាគឺជាមិត្តភាព ចាញ់ ឬ ឈ្នះ គឺជារឿងធម្មតា និងជាបទពិសោធន៍ សម្រាប់ការប្រកួតលើកក្រោយៗទៀត ។

ការលើកឡើងរបស់ លោក ឃួង ស្រេង ធ្វើឡើងក្នុងឱកាស អញ្ជើញ បិទព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ពានរង្វាន់ ៧មករា ឈ្នះ!ឈ្នះ! តេជោសន្តិភាព រដូវកាលទី៨ ឆ្នាំ២០២៤ និងអបអរសាទរខួបលើកទី៤៥ ទិវាជ័យជម្នះ ៧មករា” ដែលរៀបចំឡើង ដោយសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព នៅរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៧ មករា ឆ្នាំ២០២៤ នៅទីលានបាលទាត់វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។



លោកអភិបាល មានប្រសាសន៍ថា “សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព តែងតែបានរៀបចំកម្មវិធីប្រកួតកីឡា ដើម្បីអបអរសាទរ “ទិវា ជ័យជម្នះ៧មករា” នេះ ជារៀងរាល់ឆ្នាំ ដោយគិតមកដល់ឆ្នាំនេះមាន រយៈពេល ៨ឆ្នាំហើយ ។ នេះ សបញ្ជាក់ច្បាស់ពី ស្មារតីដឹងគុណ តបស្នងសងគុណ និងការពារសច្ចធម៌ប្រវត្តិសាស្ត្រជាតិ ។
លោក ឃួង ស្រេង បន្តថា ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមកនេះ ផ្តើមចេញពីថ្ងៃ ជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ និងការដាក់ចេញនូវគោលនយោបាយ “ឈ្នះ-ឈ្នះ” របស់ សម្ដេចតជោ ហ៊ុន សែន បានប្រែក្លាយប្រទេស ប្រកបដោយសន្តិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។


លោកអភិបាលរាជធានីភ្នំពេញ បន្តទៀតថា ការរៀបចំព្រឹត្តិការណ៍កីឡាក្នុងថ្ងៃនេះ មិនត្រឹមតែជាសក្ខីភាពបញ្ជាក់ឱ្យឃើញ ពីការលើកទឹកចិត្ត និងការចូលរួមគាំទ្រ យ៉ាងពេញទំហឹង ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ ជូនចំពោះសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពរីកចម្រើននៃវិស័យកីឡានៅ កម្ពុជា និងជាជោគជ័យថ្មីមួយទៀត នៃការអនុវត្តគោលនយោបាយស្តីពី វិស័យអប់រំកាយ និងកីឡា របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវរបស់ សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ប្រកបដោយក្តី មោទនភាពបំផុត។


លោក ឃួង ស្រេង គូសបញ្ជាក់ថា “យើងទាំងអស់គ្នាត្រូវចងចាំថា “កីឡារស់ក្នុងសន្តិភាព! កីឡាគឺជា ស្ពានការទូត ជាមិត្តភាពគ្មានព្រំដែន” កីឡាគឺជាមិត្តភាព ចាញ់ ឬ ឈ្នះ៖ គឺជារឿងធម្មតា និងជាបទពិសោធន៍សម្រាប់ការប្រកួតលើកក្រោយៗ ទៀត” និងសូមនាំគ្នាអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ថ្នាក់ ដឹកនាំយើងគឺ «ប្រជាជនម្នាក់ ត្រូវលេងកីឡាមួយមុខ “៕
